យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីវិទ្យាស្ថានបច្ចេកវិទ្យា Illinois (សហរដ្ឋអាម៉េរិក) បានបង្ហាញថា ការបន្ថែមផ្លែឈើ ២ ប្រភេទគឺ ផ្លែបឺរ និងផ្លែស្វាយ ទៅក្នុងរបបអាហារប្រចាំថ្ងៃត្រឹមរយៈពេល ៨ សប្តាហ៍ អាចជួយឱ្យសុខភាពសរសៃឈាម និងតម្រងនោមមានភាពល្អប្រសើរឡើងវិញយ៉ាងច្បាស់លាស់ ជាពិសេសចំពោះអ្នកដែលមានសញ្ញា «មុនជំងឺទឹកនោមផ្អែម»។
តាមរយៈការពិសោធលើមនុស្សពេញវ័យ ៨២ នាក់ អ្នកវិទ្យាសាស្ត្ររកឃើញថា ការញ៉ាំផ្លែបឺរ និងផ្លែស្វាយក្នុងកម្រិតសមល្មម បានជួយបង្កើនសមត្ថភាពពង្រីកនៃសរសៃឈាមដែលជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងរហូតដល់ ៨%។ អ្វីដែលកាន់តែពិសេសនោះគឺ វាបានជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលអាក្រក់និងជួយឱ្យតម្រងនោមដំណើរការបានល្អជាងមុន តាមរយៈការកម្ចាត់ជាតិពុលក្នុងឈាមបានកាន់តែប្រសើរ។ ផ្លែបឺរដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ និងប៉ូតាស្យូម រួមផ្សំជាមួយផ្លែស្វាយដែលសម្បូរវីតាមីន C និងសារធាតុដែលបានក្លាយជា «ខែលការពារ» យ៉ាងរឹងមាំសម្រាប់ប្រព័ន្ធសរសៃឈាម និងតម្រងនោមដែលងាយរងគ្រោះ។
អ្នកជំនាញបានបញ្ជាក់ថា ដើម្បីទទួលបានលទ្ធផលនេះ លោកអ្នកគួរញ៉ាំផ្លែឈើទាំងនេះជំនួសឱ្យការញ៉ាំនំប៉័ង ឬអាហារដែលសម្បូរម្សៅ និងស្ករចម្រាញ់ ហើយគួរ ញ៉ាំទាំងផ្លែស្រស់ ជៀសវាងការធ្វើជាទឹកក្រឡុកដែលលាយស្ករ ឬដោះគោច្រើនជ្រុល។ នៅកម្ពុជា ផ្លែបឺរ និងផ្លែស្វាយ គឺជាផ្លែឈើដែលងាយស្រួលរកទិញ និងមានតម្លៃសមរម្យបំផុត ដែលលោកអ្នកអាចចាប់ផ្ដើមអនុវត្តបានភ្លាមៗដើម្បីសុខភាពយូរអង្វែង៕