យោងតាមការចុះផ្សាយពីប្រភពបរទេស ការបណ្ដុះសណ្តែកបាយញ៉ាំខ្លួនឯងនៅផ្ទះ គឺជាជម្រើសដ៏វៃឆ្លាតសម្រាប់សុខភាព ប៉ុន្តែវាមិនមែនគ្រាន់តែយកសណ្តែកទៅត្រាំទឹកហើយទុកចោលនោះទេ។ មនុស្សជាច្រើនតែងជួបបញ្ហាសណ្តែកបណ្ដុះឡើងពណ៌ស្វាយ មានរសជាតិល្វីង ឬស្អុយរលួយ ដែលបញ្ហានេះមិនមែនមកពីគ្រាប់សណ្តែកមិនល្អនោះទេ ប៉ុន្តែវាបណ្ដាលមកពីកំហុសបច្ចេកទេសតូចតាចដែលអ្នកមើលរំលង។
ដើម្បីទទួលបានសណ្តែកបណ្ដុះដែលមានគុណភាពខ្ពស់ អ្នកត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួន៖ ជាដំបូង ការត្រាំសណ្តែកគួរប្រើរយៈពេលត្រឹម ៦ ទៅ ៨ ម៉ោងប៉ុណ្ណោះ បើត្រាំយូរពេកសណ្តែកនឹងឡើងជូរ និងរលួយ។ ចំណុចសំខាន់បំផុតគឺ «ភាពងងឹត» ព្រោះសណ្តែកបណ្ដុះត្រូវការទីកន្លែងងងឹតស្លុបដើម្បីឱ្យដើមសថ្លោស បើវាត្រូវពន្លឺវានឹងឡើងពណ៌បៃតង ឬស្វាយ និងមានរសជាតិល្វីង។ បន្ថែមពីនេះ ការស្រោចទឹកត្រូវធ្វើឱ្យបានទៀងទាត់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែត្រូវធានាថាទឹកដក់ចេញអស់ពីក្នុងធុង ដើម្បីការពារកុំឱ្យមានក្លិនស្អុយ ឬឡើងរំអិល។ ជាចុងក្រោយ រយៈពេល ៣ ទៅ ៤ ថ្ងៃគឺជាពេលដែលល្អបំផុតសម្រាប់ការប្រមូលផល ព្រោះវាជាពេលដែលសណ្តែកមានជាតិផ្អែម និងស្រួយបំផុត។
ការអនុវត្តតាមតិចនិកសាមញ្ញទាំងនេះ នឹងជួយឱ្យគ្រួសាររបស់អ្នកមានបន្លែស្រស់ដែលធានាបាននូវអនាម័យ និងជីវជាតិពេញលេញដោយមិនចាំបាច់បារម្ភពីរឿងសារធាតុគីមីឡើយ៕