យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមគឺជាសរីរាង្គ «ស្ងប់ស្ងាត់» ដែលកម្របញ្ចេញរោគសញ្ញាឈឺចាប់ឱ្យយើងដឹងណាស់ រហូតទាល់តែមានការខូចខាតធ្ងន់ធ្ងរ។ ក្នុងសម័យកាលដែលការហូបចុក និងការសម្រាកមិនទៀងទាត់បានក្លាយជាបញ្ហាប្រឈម វេជ្ជបណ្ឌិតបានណែនាំឱ្យងាកមកចាប់អារម្មណ៍លើការថែទាំថ្លើមតាមរយៈភេសជ្ជៈរុក្ខជាតិងាយៗ ៣ យ៉ាង ដើម្បីជួយបន្សាបជាតិពុល និងសម្រួលដល់ការគេង៖
ដំបូងបង្អស់គឺ ទឹកតែផ្កាស្បៃរឿងលាយជាមួយគីឡី និងប៉ោមក្រហម ដែលមានប្រសិទ្ធភាពជួយឱ្យថ្លើមត្រជាក់ និងភ្លឺភ្នែក ជាពិសេសសម្រាប់អ្នកដែលធ្វើការច្រើនជាមួយកុំព្យូទ័រ។ បន្ទាប់មកគឺ ទឹកផ្កាដាន់ឌីលីន លាយជាមួយខ្ញី និងក្រូចឆ្មារ ដែលជាភ្នាក់ងារបន្សាបជាតិពុល និងជំនួយដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយអាការជូរមាត់ ឬហើមពោះក្រោយពេលចូលគេងយប់ជ្រៅ។ ចុងក្រោយគឺ តែផ្កាកូឡាប លាយជាមួយផ្លែមននិងសំបកក្រូចក្រៀម ដែលជាជម្រើសដ៏ល្អសម្រាប់ទទួលទានមុនពេលចូលគេង ដើម្បីជួយឱ្យអារម្មណ៍ធូរស្រាល និងគេងលក់បានស្កប់ស្កល់។
ក្រៅពីការទទួលទានភេសជ្ជៈទាំងនេះ អ្នកគួររួមផ្សំជាមួយការហាត់ប្រាណស្រាលៗដូចជាការដើរ ការញ៉ាំបន្លែបៃតងឱ្យបានច្រើន និងការកាត់បន្ថយគ្រឿងស្រវឹង។ ចងចាំថា ថ្លើមមិនចេះត្អូញត្អែរទេ ដូច្នេះការថែទាំវាជារៀងរាល់ថ្ងៃគឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជៀសផុតពីជំងឺថ្លើមប្រភេទផ្សេងៗ និងរក្សាបាននូវសុខភាពរាងកាយរឹងមាំយូរអង្វែង៕