យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងបារម្ភថា ការញ៉ាំពងទារាល់ថ្ងៃនឹងធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់ ប៉ុន្តែបើតាមវេជ្ជបណ្ឌិតជំនាញផ្នែកអាហារូបត្ថម្ភ សេចក្តីព្រមាននេះមិនមែនត្រូវចំពោះមនុស្សគ្រប់រូបនោះទេ។ ពិតណាស់ ក្នុងពងទាមួយគ្រាប់មានជាតិកូឡេស្តេរ៉ូលពី ២០០ ទៅ ៣០០ មិល្លីក្រាម ប៉ុន្តែនៅក្នុងផ្នែកពណ៌លឿងក៏មានផ្ទុកសារធាតុដែលជាភ្នាក់ងារជួយសម្រួលដល់ការរំលាយជាតិខ្លាញ់ក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាពផងដែរ។
ជាតិខ្លាញ់ក្នុងឈាមមិនមែនអាស្រ័យតែលើការញ៉ាំពងទានោះទេ ប៉ុន្តែវាពាក់ព័ន្ធខ្លាំងទៅនឹងប្រព័ន្ធមេតាប៉ូលីសក្នុងរាងកាយ កត្តាតំណពូជ និងការធ្វើលំហាត់ប្រាណ។ ជាក់ស្ដែង អ្នកដែលហាត់ប្រាណខ្លាំងអាចញ៉ាំ ២ ទៅ ៣ គ្រាប់ក្នុងមួយថ្ងៃដោយគ្មានបញ្ហា ខណៈអ្នកខ្លះមិនញ៉ាំសោះតែជាតិខ្លាញ់នៅតែខ្ពស់។ សម្រាប់អ្នកមានសុខភាពល្អ ការញ៉ាំ ១ គ្រាប់ក្នុងមួយថ្ងៃ គឺជារឿងធម្មតា ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺបេះដូង ឬជាតិខ្លាញ់ក្នុងឈាមខ្ពស់ស្រាប់ គួររក្សាបរិមាណត្រឹម ៤ ទៅ ៥ គ្រាប់ក្នុងមួយសប្តាហ៍ និងគួរជ្រើសរើសការ ស្ងោរ ជំនួសឱ្យការចៀនដើម្បីជៀសវាងការបន្ថែមខ្លាញ់ពីខាងក្រៅ។
សរុបមក ពងទានៅតែជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុត និងថោកសមរម្យ។ ការឈប់ញ៉ាំពងទាទាំងស្រុងដោយសារតែការភ័យខ្លាច គឺជាការខាតបង់សារធាតុចិញ្ចឹមដ៏សំខាន់។ អ្វីដែលសំខាន់គឺការញ៉ាំក្នុងកម្រិតសមល្មម និងការរក្សាសកម្មភាពរាងកាយឱ្យបានទៀងទាត់៕