យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រលៀនគឺជាម៉ាស៊ីនចម្រោះជាតិពុលដ៏សំខាន់ ប៉ុន្តែវាក៏ងាយរងគ្រោះបំផុតដោយសារការយល់ច្រឡំលើទម្លាប់រស់នៅប្រចាំថ្ងៃ។
ការប្រើប្រាស់វីតាមីន និងថ្នាំបំប៉នដោយគ្មានវេជ្ជបញ្ជា ប្រៀបដូចជាការបំពុលក្រលៀនបន្តិចម្ដងៗ ជាពិសេសការញ៉ាំវីតាមីន C ឬ D លើសកម្រិតដែលបង្កជាក្រួស និងលើសជាតិកាល់ស្យូម។ ទន្ទឹមនឹងនេះ ការជ្រុលនិយមធ្វើ Detox តាមរយៈការផឹកទឹកបន្លែផ្លែឈើជំនួសបាយ ឬការផឹកទឹកច្រើនហួសប្រមាណក្នុងពេលតែមួយ សុទ្ធតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធបញ្ចេញចោល។ សម្រាប់អ្នកហាត់ប្រាណ ការញ៉ាំប្រូតេអ៊ីនច្រើនជ្រុលដើម្បីយកសាច់ដុំ និងការហាត់ប្រាណខ្លាំងដោយមិនបំពេញជាតិទឹកឱ្យទាន់ពេល ក៏ជាមូលហេតុចម្បងដែលធ្វើឱ្យក្រលៀនចុះខ្សោយ ឬខូចស្រួចស្រាវបាន។
ដើម្បីការពារ «ឃាតករលាក់មុខ» មួយនេះ អ្នកគួរឈប់យល់ច្រឡំថាការធ្វើអ្វីមួយឱ្យលើសកម្រិតជាជម្រើសល្អ ហើយត្រូវងាកមកថែទាំក្រលៀនតាមរយៈការសម្រាកឱ្យគ្របគ្រាន់ និងការប្រើប្រាស់ថ្នាំបំប៉នដោយមានការប្រឹក្សាត្រឹមត្រូវវិញ៕