មនុស្សភាគច្រើនយល់ថា ការស្រេកទឹក គឺជាសញ្ញាដំបូងដែលរាងកាយត្រូវការទឹក។ ប៉ុន្តែតាមពិតទៅ នៅពេលអ្នកមានអារម្មណ៍ថា “ស្រេក” នោះមានន័យថារាងកាយរបស់អ្នកបានឈានដល់ដំណាក់កាល “ខ្វះជាតិទឹកបាត់ទៅហើយ ។ ទឹកគឺជាសមាសធាតុដែលគ្របដណ្ដប់ប្រហែល ៦០% នៃរាងកាយ ហើយការខ្វះជាតិទឹកសូម្បីតែ ១-២% ក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល និងរាងកាយទាំងមូលបានដែរ។
ខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ដែលរាងកាយកំពុង “ស្រែក” ប្រាប់អ្នកថាវាខ្វះជាតិទឹកខ្លាំង តែយើងតែងតែមើលរំលង៖
១. ទឹកនោមមានពណ៌ក្រមៅ និងមានក្លិនខ្លាំង
នេះគឺជាសូចនាករដែលសុក្រឹតបំផុត។ ពណ៌ទឹកនោមអាចប្រាប់អ្នកពីស្ថានភាពសុខភាពខាងក្នុងបានយ៉ាងច្បាស់។
–សញ្ញាគ្រោះថ្នាក់៖ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌លឿងចាស់ ឬពណ៌ទឹកតែ នោះគឺជាសញ្ញាថាទឹកនោមមានកំហាប់ខ្ពស់ ដោយសារតម្រងនោមព្យាយាមរក្សាជាតិទឹកទុក។ ពណ៌ដែលល្អបំផុតគឺ លឿងខ្ចី ឬថ្លា។
២. ធុំក្លិនមាត់ និងស្ងួតមាត់ (Dry Mouth & Bad Breath)
នៅពេលអ្នកខ្វះជាតិទឹក រាងកាយនឹងកាត់បន្ថយការផលិតទឹកមាត់។
–ហេតុអ្វី៖ ទឹកមាត់មានតួនាទីសម្លាប់បាក់តេរីក្នុងមាត់។ នៅពេលមាត់ស្ងួត បាក់តេរីនឹងរីកដុះដាលកាន់តែលឿន ដែលបណ្តាលឱ្យមានក្លិនមាត់អាក្រក់ ទោះបីជាអ្នកដុសធ្មេញស្អាតក៏ដោយ។
៣. ឃ្លានអាហារផ្អែមខុសធម្មតា
តើអ្នកដឹងទេថា ជួនកាលខួរក្បាលមានការរងភាន់ច្រឡំរវាង “ការស្រេកទឹក” និង “ការឃ្លាន”?
–ហេតុអ្វី៖ នៅពេលខ្វះជាតិទឹក សរីរាង្គដូចជាថ្លើមត្រូវការទឹកដើម្បីបញ្ចេញជាតិស្ករ (Glycogen) មកធ្វើជាថាមពល។ ប្រសិនបើគ្មានទឹកគ្រប់គ្រាន់ រាងកាយនឹងបញ្ជូនសញ្ញា “ឃ្លាន” ដើម្បីចង់បានថាមពលភ្លាមៗ ជាពិសេសគឺអាហារផ្អែមៗ។
៤. ឈឺក្បាល និងរមួលក្រពើ
ខួរក្បាលរស់នៅក្នុងថង់ទឹកការពារមួយ។ នៅពេលអ្នកខ្វះជាតិទឹក ថង់ទឹកនោះនឹងរួមតូច បង្កជាសម្ពាធដែលនាំឱ្យអ្នកឈឺក្បាលខ្ទប់ៗ។ ចំណែកសាច់ដុំវិញ ប្រសិនបើកង្វះជាតិទឹក និងអេឡិចត្រូឡៃ (Electrolytes) វានឹងធ្វើឱ្យសាច់ដុំឡើងរឹង និងរមួលក្រពើបានយ៉ាងងាយ។
តិចនិកផឹកទឹកឱ្យបានត្រឹមត្រូវ
ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកមិនចាំបាច់ផឹកទឹកម្តងមួយលីត្រឡើយ ចូរអនុវត្តតាមវិធីនេះ៖
–ផឹកទឹកតាមកាលវិភាគ៖ កុំចាំដល់ស្រេក។ ផឹកទឹក ១ កែវភ្លាមក្រោយភ្ញាក់ពីគេង និងមុនបាយជានិច្ច។
–ផឹកយឺតៗ៖ ការផឹកទឹកត្រឹបៗតិចៗរាល់ ២០ នាទីម្តង ជួយឱ្យរាងកាយស្រូបយកបានល្អជាងការផឹកម្តងអស់មួយកែវធំ។
–បន្ថែមរសជាតិ៖ ប្រសិនបើអ្នកធុញនឹងទឹកធម្មតា ចូរបន្ថែមចំណិតក្រូចឆ្មា ឬស្លឹកជីអង្កាម ដើម្បីបង្កើនរសជាតិ និងជួយបន្សាបជាតិពុល។