យោងតាមការចុះផ្សាយពីប្រភពបរទេស ម្ទេសដែលយើងទទួលទានរាល់ថ្ងៃ មិនត្រឹមតែជួយឱ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែបើតាមទស្សនៈរបស់ជនជាតិជប៉ុន វាក៏ជាជំនួយការពិសេសក្នុងការ «ពន្យារសក់ស្កូវ» ផងដែរ។
អាថ៌កំបាំងនេះស្ថិតនៅលើសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Luteolin ដែលមាននៅក្នុងម្ទេស និងបន្លែមួយចំនួនទៀត។ សារធាតុនេះមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរលាក និងការពារកោសិកាបង្កើតពណ៌សក់មិនឱ្យឆាប់ចុះខ្សោយ ដែលជាមូលហេតុចម្បងបង្កឱ្យកើតមានសក់ស្កូវមុនវ័យ។
ទោះជាយ៉ាងណា ម្ទេសមិនមែនជាថ្នាំទិព្វដែលអាចបញ្ឈប់សក់ស្កូវបានភ្លាមៗនោះទេ ព្រោះបញ្ហាសក់ស្កូវក៏អាស្រ័យលើកត្តាហ្សែន អាយុ និងស្ត្រេសផងដែរ។ ប៉ុន្តែការទទួលទានម្ទេសក្នុងបរិមាណសមល្មម គឺជាការជួយដល់សុខភាពសក់តាមបែបប្រយោល ព្រមទាំងផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតដូចជា បង្កើនវីតាមីន C ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ និងជាតិ Capsaicin ដែលជួយដុតរំលាយជាតិខ្លាញ់។
ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសញ៉ាំម្ទេសស្រស់ជាជាងម្ទេសកែច្នៃ និងញ៉ាំលាយឡំជាមួយអាហារចម្រុះមុខ ដើម្បីកសាងសុខភាពល្អ និងរក្សាភាពក្មេងជាងវ័យបានយូរអង្វែង៕