យោងតាមការចុះផ្សាយពីប្រភពបរទេស ការដេកមិនលក់មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងនៅពេលព្រឹកនោះទេ ប៉ុន្តែវាក៏ជាសត្រូវស្ងប់ស្ងាត់ដែលបំផ្លាញសុខភាពផ្លូវចិត្ត បន្ថយប្រសិទ្ធភាពការងារ និងបង្កើនហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ២.៥ ដង។
អាការៈនេះអាចកើតចេញពីបញ្ហាសុខភាព ការប្រែប្រួលហ័រម៉ូន ស្ត្រេស ឬទម្លាប់រស់នៅមិនត្រឹមត្រូវដូចជាការញ៉ាំកាហ្វេក្រោយពេលថ្ងៃត្រង់ និងការហាត់ប្រាណពេលយប់ជ្រៅដែលធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់រំខានដល់ខួរក្បាល។
ដើម្បីទាញយកសេចក្តីសុខនៃការសម្រាន្តមកវិញ អ្នកគួរអនុវត្តវិធីសាស្ត្រងាយៗដែលផ្តើមចេញពីការកែប្រែខ្លួនឯងដូចជា ការរៀបចំបន្ទប់គេងឱ្យងងឹតស្លុប និងមានសីតុណ្ហភាពល្មម ការចូលគេងនិងភ្ញាក់ឱ្យទៀងពេល និងការញ៉ាំទឹកដោះគោក្ដៅមួយកែវមុនសម្រាន្ត។ បន្ថែមពីនេះ អ្នកមិនគួរដេកថ្ងៃលើសពី ១ ម៉ោងឡើយ ហើយប្រសិនបើចូលគេង ២០ នាទីហើយនៅតែមិនលក់ ចូរក្រោកមកអានសៀវភៅ ឬស្ដាប់ភ្លេងស្រាលៗ រហូតទាល់តែមានអារម្មណ៍ងងុយ ទើបត្រឡប់ទៅដេកវិញ ដោយជៀសវាងការលេងទូរស័ព្ទដែលពន្លឺអេក្រង់នឹងដាស់ខួរក្បាលឱ្យភ្ញាក់។
ការហាត់ប្រាណឱ្យបានទៀងទាត់នៅពេលព្រឹក ឬពេលល្ងាច ក៏ជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងជួយឱ្យរាងកាយសម្របខ្លួនទៅនឹងការសម្រាកបានយ៉ាងល្អឥតខ្ចោះ៕