យោងតាមការចុះផ្សាយពីប្រភពបរទេស ទំពាំងគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុរ៉ែ ប៉ុន្តែការញ៉ាំទំពាំងឆៅអាចបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារវាមានផ្ទុកសារធាតុម្យ៉ាងដែលអាចបំប្លែងទៅជា “ស៊ីយានីត” នៅពេលប៉ះជាមួយអង់ស៊ីមក្នុងប្រព័ន្ធរំលាយអាហារ។
ជាតិពុលនេះនឹងធ្វើឱ្យអ្នកមានអាការៈចង់ក្អួត វិលមុខ និងឈឺក្បាលភ្លាមៗក្នុងរយៈពេល ៣០ នាទីក្រោយពេលញ៉ាំ ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឱ្យប្រកាច់ ពិបាកដកដង្ហើម និងឈានដល់ការបាត់បង់ជីវិត ជាពិសេសចំពោះកុមារ និងអ្នកដែលមានសុខភាពខ្សោយ។
ដើម្បីញ៉ាំទំពាំងដោយសុវត្ថិភាព អ្នកត្រូវអនុវត្តតាមតិចនិកចម្អិនឱ្យបានត្រឹមត្រូវបំផុត ដោយចាប់ផ្ដើមពីការលាងសម្អាត និងត្រាំទំពាំងក្នុងទឹកអំបិល ឬទឹកលាងអង្ករឱ្យបានយូរ។ ចំណុចសំខាន់បំផុតគឺត្រូវ “ស្ងោរទំពាំងឱ្យពុះច្រើនដង” រួចចាក់ទឹកដែលស្ងោរនោះចោលឱ្យអស់ ដោយនៅពេលស្ងោរអ្នកមិនត្រូវគ្របឆ្នាំងឡើយ ដើម្បីឱ្យជាតិពុលទាំងឡាយអាចហួតតាមចំហាយទឹកចេញមកក្រៅបាន។
ការជ្រើសរើសទំពាំងដែលមានប្រភពច្បាស់លាស់ និងការចម្អិនឱ្យបានឆ្អិនល្អបំផុត គឺជាវិធីសាស្ត្រតែមួយគត់ដែលអនុញ្ញាតឱ្យអ្នករីករាយជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នេះដោយគ្មានក្ដីបារម្ភពីការពុលអាហារ៕