យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែក្រូចគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ជាតិប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយជំរុញការផលិតគ្រាប់ឈាមស ពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងការរលាកក្នុងរាងកាយ។
ទោះជាយ៉ាងណា ការញ៉ាំក្នុងបរិមាណត្រឹមត្រូវតាមតម្រូវការរាងកាយគឺជារឿងចាំបាច់បំផុត ដោយបុរសពេញវ័យគួរទទួលបានវីតាមីន C ប្រហែល ៩០ មិល្លីក្រាម (ស្មើក្រូច ១ ផ្លែទំហំ ៥ សង់ទីម៉ែត្រ) និងស្ត្រីប្រហែល ៧៥ មិល្លីក្រាម (ស្មើក្រូច ១ ផ្លែទំហំ ៤ សង់ទីម៉ែត្រ) ក្នុងមួយថ្ងៃ ខណៈអ្នកជក់បារីត្រូវការបន្ថែម ៣៥ មិល្លីក្រាមលើសកម្រិតធម្មតាដើម្បីបន្សាបរ៉ាឌីកាល់សេរី។ ចំពោះកុមារ គួរញ៉ាំត្រឹមតែពាក់កណ្ដាលផ្លែក្នុងមួយថ្ងៃដើម្បីបង្ការអាឡែស៊ី រីឯស្ត្រីមានផ្ទៃពោះ និងអ្នកបំបៅដោះកូនត្រូវការកម្រិតខ្ពស់ជាងមុនចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម។
ក្រៅពីបរិមាណ ពេលវេលានៃការញ៉ាំក៏សំខាន់ដែរ ដោយអ្នកគួរជៀសវាងញ៉ាំទឹកក្រូចនៅពេលយប់ ពេលមុន ឬក្រោយញ៉ាំទឹកដោះគោ និងមិនត្រូវញ៉ាំស្របពេលជាមួយការលេបថ្នាំឡើយ (គួរទុកចន្លោះពេលពី ១ ទៅ ២ ម៉ោង)។ ជាពិសេស អ្នកដែលមានបញ្ហាក្រពះ ពោះវៀន ឬលំពែង គួរប្រុងប្រយ័ត្នខ្ពស់ក្នុងការញ៉ាំទឹកក្រូច។ ការញ៉ាំក្រូចក្នុងបរិមាណសមល្មម និងត្រូវតាមកាលវិភាគ នឹងជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពេញលេញ ជួយឱ្យស្បែកស្រស់ថ្លា និងការពាររាងកាយពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕