យោងតាមការចុះផ្សាយពីប្រភពបរទេស ស្បែករបស់កុមារមានសភាពស្ដើង និងងាយរងគ្រោះពីកាំរស្មីយូវី ជាងមនុស្សធំ ដែលអាចបណ្ដាលឱ្យរលាកស្បែក ឆាប់ចាស់ជាងវ័យ និងបង្កបញ្ហាស្បែកធ្ងន់ធ្ងរនាពេលអនាគត។
ចាប់ពីអាយុ ៦ ខែឡើងទៅ ការប្រើឡេការពារកម្ដៅថ្ងៃគឺជារឿងចាំបាច់បំផុតនៅពេលធ្វើសកម្មភាពក្រៅផ្ទះ។ សម្រាប់កុមារអាយុ ១០ ឆ្នាំ អ្នកជំនាញណែនាំឱ្យជ្រើសរើសប្រភេទឡេការពារកម្ដៅថ្ងៃបែប “រូបវិទ្យា”ដែលមានជាតិស័ង្កសីអុកស៊ីត ឬទីតានីញ៉ូមឌីអុកស៊ីត ព្រោះវាមានសុវត្ថិភាព និងមិនសូវបង្កការរមាស់។
ដើម្បីឱ្យការការពារមានប្រសិទ្ធភាពខ្ពស់បំផុត អ្នកគួរជ្រើសរើសឡេដែលមានកម្រិត SPF ចន្លោះពី ៣០ ដល់ ៥០ ហើយលាបឱ្យសព្វផ្ទៃមុខ ក និងដៃជើង រយៈពេល ១៥ ទៅ ២០ នាទីមុនពេលចេញក្រៅ។ ក្នុងករណីកូនៗរត់លេងបែកញើសខ្លាំង ឬហែលទឹក អ្នកត្រូវលាបបន្ថែមរៀងរាល់ ២ ទៅ ៣ ម៉ោងម្ដង រួមជាមួយការឱ្យកូនពាក់មួក វ៉ែនតា និងអាវដៃវែងបន្ថែម។ ក្រោយពេលត្រឡប់មកវិញ អ្នកត្រូវលាងសម្អាតស្បែកកូនដោយទឹកស្អាត និងហ្វូមលាងមុខកម្រិតស្រាល រួចលាបឡេផ្ដល់សំណើមដើម្បីជួសជុលរបាំងការពារស្បែកឡើងវិញ។
ចំណុចសំខាន់បំផុតគឺត្រូវឱ្យកូនញ៉ាំទឹកឱ្យបានច្រើន និងជៀសវាងការចេញក្រៅនៅចន្លោះម៉ោង ១០ ព្រឹក ដល់ម៉ោង ៤ រសៀល ដែលជាពេលកម្ដៅថ្ងៃខ្លាំងបំផុត៕