យោងតាមការចុះផ្សាយពីប្រភពបរទេស តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុល និងរក្សាតុល្យភាពក្នុងរាងកាយ ប៉ុន្តែជំងឺតម្រងនោមរ៉ាំរ៉ៃច្រើនតែវិវត្តន៍ទៅមុខដោយគ្មានរោគសញ្ញាគួរឱ្យកត់សម្គាល់ឡើយ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ទម្លាប់មួយចំនួនដែលយើងគិតថាជួយដល់សុខភាព បែរជាអាចក្លាយជាថ្នាំពុលសម្រាប់តម្រងនោមទៅវិញ ប្រសិនបើអនុវត្តមិនបានត្រឹមត្រូវ៖
ការប្រើប្រាស់អាហារបំប៉ន ឬវីតាមីនហួសកម្រិតដោយគ្មានវេជ្ជបញ្ជា គឺជាការបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដូចជាវីតាមីន C កម្រិតខ្ពស់បង្កើនហានិភ័យក្រួសក្នុងតម្រងនោម ឬវីតាមីន D ច្រើនពេកធ្វើឱ្យលើសជាតិកាល់ស្យូមក្នុងឈាមដែលបំផ្លាញតម្រងនោម។ ការធ្វើ “Detox” ដើម្បីសម្រកទម្ងន់តាមរយៈការញ៉ាំតែ ឬទឹកបន្លែផ្លែឈើ (ដូចជាទឹកសេឡេរី ឬទឹកក្រូច) ច្រើនហួសហេតុក៏អាចបង្កឱ្យលើសជាតិប៉ូតាស្យូម និងអុកសាឡាតដែលនាំឱ្យកើតគ្រួសក្នុងតម្រងនោមផងដែរ។ សូម្បីតែការផឹកទឹក ក៏ត្រូវមានកម្រិតដែរ ការផឹកទឹកច្រើនពេកក្នុងរយៈពេលខ្លី ឬការញ៉ាំទឹកដូងជំនួសទឹកធម្មតា ក៏អាចធ្វើឱ្យតម្រងនោមធ្វើការធ្ងន់ និងប៉ះពាល់ដល់តុល្យភាពអេឡិចត្រូលីតក្នុងរាងកាយ។
បន្ថែមពីនេះ សម្រាប់អ្នកហាត់ប្រាណ ការញ៉ាំជាតិប្រូតេអ៊ីនច្រើនជ្រុលដើម្បីឡើងសាច់ដុំ នឹងបង្កើនបន្ទុកចម្រោះដល់តម្រងនោមយ៉ាងធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានោះ ការហាត់ប្រាណខ្លាំងក្លាដោយមិនបានបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់ ក៏អាចនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវបានដែរ។ ដើម្បីការពារសរីរាង្គដ៏សំខាន់នេះ អ្នកជំនាញណែនាំឱ្យអនុវត្តគ្រប់យ៉ាងក្នុងកម្រិតសមល្មម ជៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ផ្ដេសផ្ដាស និងត្រូវចងចាំថា “តម្រងនោមមិនមែនជាម៉ាស៊ីនដែលដឹងតែពីដើរ ២៤ ម៉ោងដោយគ្មានដែនកំណត់នោះទេ”៕