យោងតាមការចុះផ្សាយពីប្រភពបរទេស យ៉ាអួគឺជាអាហារដ៏មានតម្លៃសម្រាប់សុខភាព ប៉ុន្តែអត្ថប្រយោជន៍របស់វាអាស្រ័យទាំងស្រុងលើគ្រឿងផ្សំដែលអ្នកបន្ថែមពីលើ។
ដើម្បីទទួលបានសុខភាពល្អបំផុត អ្នកជំនាញណែនាំឱ្យញ៉ាំវាជាមួយគ្រាប់ធញ្ញជាតិដែលផ្ដល់ខ្លាញ់មិនឆ្អែត និងប្រូតេអ៊ីនជួយឱ្យឆ្អែតបានយូរ ឬបន្ថែមផ្លែប៊ឺរីដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដើរស្រួល។
អ្នកក៏អាចបន្ថែមទឹកឃ្មុំត្រឹមមួយស្លាបព្រាកាហ្វេដើម្បីបង្កើនថាមពល ប៉ុន្តែត្រូវដាច់ខាតជៀសវាងគ្រឿងផ្សំកែច្នៃដូចជាដំណាប់ផ្លែឈើ ឬសូកូឡាស៊ីរ៉ូ ព្រោះវាសម្បូរទៅដោយស្ករ និងកាឡូរីខ្ពស់ដែលបំប្លែងអាហារសុខភាពឱ្យទៅជាបង្អែមបង្កគ្រោះថ្នាក់វិញ។
សូម្បីតែផ្លែឈើដែលមានជាតិផ្អែមខ្លាំងដូចជាចេកទុំ ក៏គួរញ៉ាំក្នុងបរិមាណសមល្មមដើម្បីការពារការឡើងទម្ងន់។ ការជ្រើសរើសគ្រឿងផ្សំពីធម្មជាតិ និងស្រស់ៗមកលាយជាមួយ យ៉ាអួជាប្រចាំ នឹងជួយឱ្យអ្នកទទួលបានឆ្អឹងរឹងមាំ បេះដូងមានសុខភាពល្អ និងជួយគ្រប់គ្រងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕