យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកទម្ងន់មិនមែនជារឿងបង្អត់អាហារគួរឱ្យខ្លាចនោះទេ ប៉ុន្តែវាគឺជាការរៀបចំរបៀបរស់នៅ និងការញ៉ាំឱ្យបានត្រឹមត្រូវ។ សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមដំបូង អ្នកអាចអនុវត្តតាមវិធីសាស្ត្រងាយៗដែលផ្ដល់ប្រសិទ្ធភាពយូរអង្វែងដូចខាងក្រោម៖
ជំហានដំបូងគឺ “ការញ៉ាំតាមលំដាប់លំដោយ” ដោយចាប់ផ្ដើមញ៉ាំទឹកមួយកែវតូច និងស៊ុបបន្លែមុនគេ ដើម្បីឱ្យឆាប់ឆ្អែត បន្ទាប់មកសឹមញ៉ាំសាច់ (ប្រូតេអ៊ីន) និងបញ្ចប់ដោយបាយ (កាបូអ៊ីដ្រាត) ក្នុងបរិមាណតិចតួច ដែលវិធីនេះជួយអ្នកឱ្យគ្រប់គ្រងកាឡូរីបានយ៉ាងល្អ។ បន្តមកទៀត អ្នកត្រូវ “បង្កើនការញ៉ាំបន្លែ និងប្រូតេអ៊ីន” ក្នុងរាល់ញ៉ាំអាហារ ដើម្បីឱ្យឆ្អែតបានយូរពី ៤ ទៅ ៦ ម៉ោង និងជួយកាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាស។ ការប្ដូរពីបាយសមកញ៉ាំ “គ្រាប់ធញ្ញជាតិមិនសម្រិតសម្រាំង” ដូចជា បាយសំរូប ឬស្រូវសាលី រួមជាមួយការទំពារឱ្យបានម៉ដ្ឋល្អ និងពន្យារពេលញ៉ាំឱ្យបានយ៉ាងតិច ២៥ នាទី ក៏ជាគន្លឹះសំខាន់ដែលជួយឱ្យខួរក្បាលទទួលបានសញ្ញា “ឆ្អែត” បានទាន់ពេល។
បន្ថែមពីលើការញ៉ាំ អ្នកគួរ “ហាត់ប្រាណឱ្យបាន ៣០ នាទី” មុនពេលញ៉ាំអាហារដែលមានជាតិខ្លាញ់ ឬរបស់បំពង ដើម្បីជួយឱ្យរាងកាយដុតរំលាយថាមពល និងមិនសន្សំកម្រិតកាឡូរីលើស។ ជំហានចុងក្រោយគឺ “ការជ្រើសរើសគ្រឿងទេសធម្មជាតិ” ដោយកាត់បន្ថយការប្រើប្រាស់ប៊ីចេង អំបិល ឬស្ករសម្រិតសម្រាំង ហើយជំនួសមកវិញនូវរសជាតិផ្អែមពីបន្លែ ទឹកស៊ុបឆ្អឹង ឬគ្រឿងទេសរុក្ខជាតិវិញ។
ការអនុវត្តទម្លាប់តូចតាចទាំង ៥ នេះ នឹងជួយឱ្យអ្នកសម្រកទម្ងន់បានយ៉ាងមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពក្រពះពោះវៀន និងទទួលបានរាងកាយមាំមួនប្រកបដោយចីរភាព៕