យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសពេលវេលាញ៉ាំអាហារពេលល្ងាចឱ្យបានឆាប់ គឺជាគន្លឹះដ៏សំខាន់ក្នុងការថែរក្សាសុខភាពបេះដូង និងតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ បើទោះបីជាបរិមាណកាឡូរីដែលអ្នកញ៉ាំនៅម៉ោង ៥ ល្ងាច និងម៉ោង ១០ យប់មានចំនួនស្មើគ្នាក៏ដោយ ប៉ុន្តែផលប៉ះពាល់ចំពោះរាងកាយគឺមិនដូចគ្នាឡើយ។
ការញ៉ាំអាហារល្ងាចឱ្យបានលឿន (ចន្លោះពី ១ ទៅ ៣ ម៉ោងមុនចូលគេង) ជួយឱ្យកម្រិតអាំងស៊ុយលីនធ្លាក់ចុះទាបមុនពេលសម្រាក ដែលអនុញ្ញាតឱ្យរាងកាយបញ្ចេញ “Growth Hormone” បានពេញលេញដើម្បីដុតរំលាយខ្លាញ់ក្បាលពោះ និងជួសជុលកោសិកា។ ផ្ទុយទៅវិញ ការញ៉ាំយប់ជ្រៅនឹងធ្វើឱ្យកម្រិតអាំងស៊ុយលីនហក់ឡើងខ្ពស់ដែលទៅរារាំងការដុតរំលាយខ្លាញ់ ធ្វើឱ្យកម្រិតស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា ២០% និងកាត់បន្ថយការដុតរំលាយថាមពលរហូតដល់ ១០% ដែលជាដើមហេតុនាំឱ្យធាត់ដុះក្បាល និងកើតជំងឺទឹកនោមផ្អែម។
បើតាមការសិក្សាស្រាវជ្រាវ ការទម្លាប់ញ៉ាំអាហារល្ងាចឱ្យបានឆាប់ផ្ដល់អត្ថប្រយោជន៍អស្ចារ្យដូចជា ជួយឱ្យសម្ពាធឈាមស្ថិតក្នុងកម្រិតសមស្របពេលកំពុងគេង បន្ថយចង្វាក់បេះដូងឱ្យសម្រាកបានពេញលេញ និងកាត់បន្ថយអ័រម៉ូនស្ត្រេសយ៉ាងច្បាស់លាស់។ ក្នុងរបបអាហារពេលល្ងាច អ្នកគួរផ្ដោតលើប្រូតេអ៊ីនមិនជាប់ខ្លាញ់ (ដូចជាសាច់មាន់ ឬត្រី) បន្លែឱ្យបានពាក់កណ្ដាលចាន និងកាបូអ៊ីដ្រាតល្អក្នុងបរិមាណតិចតួច ដោយរក្សាកាឡូរីចន្លោះពី ៣០០ ទៅ ៤៥០ កាឡូរី។ ក្នុងករណីដែលអ្នកឃ្លានខ្លាំងនៅពេលយប់ ជម្រើសដ៏ល្អបំផុតគឺការញ៉ាំយ៉ាអួមិនផ្អែម បន្លែបៃតង ឬផ្លែចេកបន្តិចបន្តួច ដែលជួយឱ្យឆ្អែតផង និងជំនួយដល់ការគេងលក់ស្កប់ស្កល់ផង។
ការកែប្រែទម្លាប់មកញ៉ាំឱ្យបានមុនគេងយ៉ាងតិច ៣ ម៉ោង គឺជាការវិនិយោគដ៏សាមញ្ញបំផុតដើម្បីរាងកាយមាំមួន និងជៀសផុតពីជំងឺរ៉ាំរ៉ៃផ្សេងៗ៕