យោងតាមការចុះផ្សាយពីប្រភពបរទេស ការសង្កេតមើលលក្ខណៈលាមកក្រោយពេលបន្ទោរបង់រួច គឺជាការអាន «របាយការណ៍សុខភាព» ដ៏សំខាន់ពីប្រព័ន្ធរំលាយអាហាររបស់អ្នក។ ជាទូទៅ លាមកដែលមានសុខភាពល្អគឺមានសភាព «លិចទឹក» បែបស្រន់ៗ ព្រោះវាមានតុល្យភាពរវាងកាកសរសៃអាហារ ទឹក និងដង់ស៊ីតេដែលធ្ងន់ជាងទឹកបន្តិច។ ប៉ុន្តែ ប្រសិនបើលាមករបស់អ្នកមានសភាពខុសប្លែកពីនេះ វាកំពុងផ្ញើសារព្រមានអំពីបញ្ហាសុខភាពខាងក្នុងរាងកាយ។
ករណីលាមក «អណ្ដែតទឹក» ជាធម្មតាកើតឡើងដោយសារកត្តាពីរយ៉ាងគឺ មានជាតិហ្គាសក្នុងពោះវៀនច្រើន (បណ្ដាលមកពីការញ៉ាំសណ្ដែក ស្ពៃក្ដោប ឬភេសជ្ជៈមានហ្គាស) និងមានជាតិខ្លាញ់លើសចំណុះ។ ប្រសិនបើលាមកអណ្ដែតមានសភាពរអិលខ្លាំង លាងជម្រះមិនចង់ជ្រះ និងមានក្លិនស្អុយខុសប្លែកពីធម្មតា វាអាចជាសញ្ញាព្រមានថា «លំពែង ឬប្រមាត់» របស់អ្នកកំពុងមានបញ្ហាក្នុងការផលិតទឹកប្រមាត់ដើម្បីរំលាយជាតិខ្លាញ់។ ផ្ទុយទៅវិញ ទោះបីជាលាមកលិចទឹកក៏ដោយ តែមានសភាពរឹងតូចៗដូចលាមកទន្សាយ នោះបញ្ជាក់ថាអ្នកកំពុងប្រឈមនឹងការទល់លាមកធ្ងន់ធ្ងរ និងខ្វះជាតិទឹកក្នុងរាងកាយ។
ដើម្បីទទួលបានលាមកដែលមានគុណភាពល្អ និងបង្ហាញពីសុខភាពមាំមួន អ្នកគួរទម្លាប់ញ៉ាំទឹកឱ្យបានច្រើនដើម្បីជួយសម្រួលដល់ការបញ្ចេញចោល បន្ថែមរបបអាហារដែលមានជាតិសរសៃពីបន្លែផ្លែឈើឱ្យបានសមល្មម និងត្រូវសង្កេតមើលពណ៌លាមកដែលល្អបំផុតគឺ «ពណ៌លឿងត្នោត»។ ប្រសិនបើអ្នកសង្កេតឃើញភាពមិនប្រក្រតីដូចជា លាមកអណ្ដែតជាប់ៗគ្នាលើសពី ២ សប្ដាហ៍ ឬមានពណ៌ប្រផេះខុសធម្មតា អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាពឱ្យបានទាន់ពេលវេលា៕