យោងតាមការចុះផ្សាយពីប្រភពរទេស ទម្លាប់តូចតាចដែលយើងធ្វើជារៀងរាល់ល្ងាច អាចជា “ឃាតករលាក់មុខ” បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន។ លោកវេជ្ជបណ្ឌិតជំនាញការបេះដូងដ៏ល្បីល្បាញមកពីទីក្រុងឡុងដ៍ បានចែករំលែកនូវចំណេះដឹងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីអ្វីដែលយើងគួរជៀសវាងក្រោយម៉ោង ៦ ល្ងាច ដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតស្ថេរ និងការពារសរសៃឈាមឱ្យរឹងមាំ។
ដំបូងបង្អស់គឺការប្រើទឹកខ្ពុរមាត់ដែលមានជាតិសម្លាប់មេរោគខ្លាំងមុនពេលចូលគេង ព្រោះវាអាចបំផ្លាញបាក់តេរីល្អក្នុងមាត់ដែលជួយផលិតសារធាតុសម្រាប់ពង្រីកសរសៃឈាម ដែលនាំឱ្យសម្ពាធឈាមឡើងខ្ពស់នៅពេលយប់។ បន្ទាប់មក គឺការប្រើប្រាស់ទូរស័ព្ទដៃ ដែលពន្លឺពណ៌ខៀវនឹងទៅទប់ស្កាត់ការបញ្ចេញអ័រម៉ូនដែលជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏សំខាន់សម្រាប់ការពារសរសៃឈាមអាកទែរ។ ចំពោះអ្នកចូលចិត្តហាត់ប្រាណ ការហាត់បែបបញ្ឈរ ឬប្រើកម្លាំងសង្កត់ខ្លាំងនៅពេលយប់ជ្រៅ អាចធ្វើឱ្យសម្ពាធឈាមហក់ឡើងខ្ពស់រាប់ម៉ោង រំខានដល់ការសម្រាកនៃប្រព័ន្ធប្រសាទ។
ក្រៅពីនេះ ការទទួលទានតែបៃតងក្រោយម៉ោង ៦ ល្ងាច ក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ដែរ ព្រោះសារធាតុមួយចំនួនក្នុងតែអាចប៉ះពាល់ដល់ចង្វាក់បេះដូង និងប្រព័ន្ធប្រសាទ។ ស្របពេលជាមួយគ្នានេះ ការហ្វឹកហាត់ដកដង្ហើមដោយការទប់ដង្ហើមយូរពេក ក៏បង្កសម្ពាធដល់បេះដូង និងកាត់បន្ថយអុកស៊ីសែនក្នុងឈាម ជាពិសេសអំឡុងពេលគេងលក់ជ្រៅដែលឈាមងាយនឹងកក។ ជាចុងក្រោយ គ្រូពេទ្យណែនាំឱ្យបញ្ឈប់ការទទួលទានអាហារពេលល្ងាចយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេង ដើម្បីកុំឱ្យរាងកាយបង្ខំធ្វើការងារខ្លាំងក្នុងពេលដែលត្រូវសម្រាក ដែលជួយកាត់បន្ថយស្ត្រេសលើជញ្ជាំងសរសៃឈាម និងជួយឱ្យបេះដូងស្ដារកម្លាំងឡើងវិញបានយ៉ាងមានប្រសិទ្ធភាពបំផុត។
ការផ្លាស់ប្តូរទម្លាប់តូចតាចទាំងនេះ គឺជាកាដូដ៏មានតម្លៃបំផុតដែលអ្នកអាចផ្ដល់ឱ្យបេះដូងដែលធ្វើការ ២៤ ម៉ោងដោយគ្មានសម្រាករបស់អ្នក៕