យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយសម្រាប់ស្ត្រីគ្រប់រូប។ ទោះបីជាបច្ចុប្បន្នមានបច្ចេកវិទ្យាវេជ្ជសាស្ត្រជឿនលឿន និងមានវ៉ាក់សាំងការពារមេរោគ HPV ដែលជាខែលការពារយ៉ាងរឹងមាំក៏ដោយ ប៉ុន្តែការរស់នៅប្រកបដោយសុខភាពល្អ និងការថែទាំខ្លួនឯងជារៀងរាល់ថ្ងៃ ក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីកាត់បន្ថយហានិភ័យ និងពង្រឹងសុខុមាលភាពស្ត្រីឱ្យមានចីរភាព។
គន្លឹះដំបូងដែលស្ត្រីគ្រប់រូបមិនគួររំលងគឺ ការពិនិត្យសុខភាពតាមដានជាប្រចាំ។ ការធ្វើតេស្តរកមេរោគ HPV ឬការពិនិត្យកោសិកាមាត់ស្បូន (Pap Smear) ជារឿងដែលគួរធ្វើបំផុត ព្រោះប្រសិនបើមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញក្នុងដំណាក់កាលដំបូង អត្រានៃការព្យាបាលឱ្យជាសះស្បើយគឺមានខ្ពស់រហូតដល់ជិត ១០០%។ បន្ទាប់មកគឺ ការកាត់បន្ថយឥរិយាបថប្រឈម ដោយការប្រើប្រាស់ស្រោមអនាម័យរាល់ពេលមានទំនាក់ទំនងផ្លូវភេទ និងការជៀសវាងការផ្លាស់ប្តូរដៃគូច្រើន ដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគប្រភេទថ្មីៗចូលទៅក្នុងរាងកាយ។
ក្រៅពីនេះ ការ ផ្ដាច់បារី និងជៀសឆ្ងាយពីសារធាតុពុល ក៏ជារឿងសំខាន់ ព្រោះសារធាតុនីកូទីនអាចទៅបង្កការរំខានដល់ប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ HPV ដែលនាំឱ្យកោសិកាមាត់ស្បូនងាយនឹងប្រែប្រួលខុសប្រក្រតី។ ការ បន្ថែមរបបអាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ជាវិធីពង្រឹងកម្លាំងពីខាងក្នុងដ៏ល្អបំផុត ដូចជាការញ៉ាំបន្លែស្លឹកបៃតង ការ៉ុត ល្ពៅ និងផ្លែប៊ឺរី ដែលសម្បូរទៅដោយវីតាមីន A, C, E និងអាស៊ីតហ្វូលិក ដើម្បីជួយជួសជុលកោសិកា និងការពាររាងកាយឱ្យរឹងមាំ។
ជាចុងក្រោយគឺ ការរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ស្ត្រីគួររក្សាតំបន់សម្ងាត់ឱ្យស្អាត និងស្ងួតជានិច្ច ប៉ុន្តែមិនគួរធ្វើការលាងសម្អាតដោយប្រើឧបករណ៍បញ្ចូលទៅខាងក្នុងខ្លាំងពេកនោះទេ ព្រោះវាអាចបំផ្លាញបាក់តេរីល្អៗដែលជួយរក្សាតុល្យភាពក្នុងទ្វារមាស។ បន្ថែមពីលើនេះ ការគ្រប់គ្រងអារម្មណ៍មិនឱ្យស្ត្រេសខ្លាំង ការហាត់ប្រាណឱ្យបានទៀងទាត់ និងការគេងឱ្យបានគ្រប់គ្រាន់ គឺជាចំណែកដ៏សំខាន់ដែលជួយឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នកដំណើរការបានយ៉ាងប្រសើរ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។ តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការចាប់ផ្ដើមយកចិត្តទុកដាក់លើសុខភាពមាត់ស្បូនឱ្យបានហ្មត់ចត់ ចាប់ពីថ្ងៃនេះតទៅ?