យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សមិនតិចទេដែលមានទម្លាប់ក្រេបរសជាតិតែផង និងកាហ្វេផងក្នុងពេលតែមួយនាពេលព្រលឹម ដើម្បីដាស់ស្មារតីឱ្យស្រឡះ។ ជាទូទៅ ការលាយបញ្ចូលគ្នារវាងភេសជ្ជៈទាំងពីរនេះ គឺជាជម្រើសផ្ទាល់ខ្លួន និងមិនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាមានចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរឈ្វេងយល់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតសម្រាប់សុខភាព។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណសមល្មម អាចជួយការពារបញ្ហាមួយចំនួនដូចជា ការបាត់បង់ការចងចាំ ជំងឺវង្វេងវង្វាន់និងជំងឺថ្លើមខ្លាញ់ជាដើម។ កាហ្វេផ្តល់ថាមពលខ្លាំង ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនជ្រុល វាអាចធ្វើឱ្យខួរក្បាលស៊ាំ ឬឈានដល់ការញៀន ដែលមិនមែនជាផលល្អឡើយ។ ផ្ទុយទៅវិញ តែគឺជាជម្រើសដ៏វិសេសសម្រាប់អ្នកដែលប្រតិកម្មខ្លាំងជាមួយកាហ្វេអ៊ីន ព្រោះក្នុងតែមានសារធាតុដែលជួយឱ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់ កាត់បន្ថយភាពតានតឹង ប៉ុន្តែនៅតែរក្សាស្មារតីឱ្យស្វាងជានិច្ច។
ចំណុចពិសេសដែលភេសជ្ជៈទាំងពីរមានដូចគ្នា គឺសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែផ្ដល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្លែកម្នាក់ឯងនោះទេ តែថែមទាំងជួយបង្កើនថាមពល រក្សាទម្ងន់ និងធ្វើឱ្យរាងកាយមានភាពរស់រវើក។ ដូច្នេះ ការទទួលទានតែ និងកាហ្វេជាមួយគ្នា មិនមែនជាបញ្ហានោះទេ ប្រសិនបើអ្នកញ៉ាំក្នុងកម្រិតដែលរាងកាយអាចទទួលយកបាន។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ គឺការសង្កេតមើលរាងកាយខ្លួនឯង បើញ៉ាំហើយមានអារម្មណ៍ថាភ័យអរ ឬញ័រទ្រូងខ្លាំង នោះមានន័យថាអ្នកគួរតែកាត់បន្ថយបរិមាណមកវិញហើយ។ ការចេះតុល្យភាពរវាងភេសជ្ជៈទាំងពីរ នឹងជួយឱ្យអ្នកទទួលបានទាំងភាពស្រស់ស្រាយ និងសុខភាពមាំមួនក្នុងពេលតែមួយ៕