យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកក្រូចគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតដែលសម្បូរទៅដោយវីតាមីន C, A ជាតិសរសៃ និងជាតិរ៉ែសំខាន់ៗជាច្រើន ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ បង្ការជំងឺបេះដូង និងប្រឆាំងភាពចាស់។
ទោះបីជាវាផ្ដល់អត្ថប្រយោជន៍សន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតអ្នកជំនាញផ្នែកឱសថបុរាណ បានក្រើនរំលឹកថា ការទទួលទានទឹកក្រូចមិនចំពេលវេលា អាចប្រែពី “ថ្នាំបំប៉ន” មកជា “ផលវិបាក” ចំពោះរាងកាយទៅវិញ។ ពេលវេលាដំបូងដែលគួរជៀសវាងគឺនៅពេលល្ងាច ឬមុនពេលចូលគេង ព្រោះនៅពេលរាងកាយសម្រាក ការញ៉ាំទឹកក្រូចនឹងនាំឱ្យលើសថាមពល ដែលបង្កឱ្យមានការសន្សំជាតិទឹក និងខ្លាញ់នៅត្រង់ក្បាលពោះ។ លើសពីនេះ ជាតិអាស៊ីតក្នុងក្រូចអាចបំផ្លាញស្រទាប់ធ្មេញ ធ្វើឱ្យអ្នកក្រោកនោមយប់រំខានដល់ដំណេក និងអាចប៉ះពាល់ដល់តម្រងនោមផងដែរ។
ចំណុចសំខាន់មួយទៀត គឺកុំញ៉ាំទឹកក្រូចនៅពេលដែលក្រពះកំពុងឃ្លាន ឬទទេស្អាត។ វីតាមីន C ក្នុងទឹកក្រូចអាចមានប្រតិកម្មជាមួយអាស៊ីតក្រពះ ដែលបង្កឱ្យមានការរលាក ឬដំបៅក្រពះ ប្រសិនបើអ្នកញ៉ាំក្នុងបរិមាណច្រើន។ ជាមួយគ្នានេះ ការញ៉ាំទឹកក្រូចភ្លាមៗបន្ទាប់ពីផឹកទឹកដោះរួច ក៏មិនមែនជាជម្រើសល្អដែរ ព្រោះប្រូតេអ៊ីនក្នុងទឹកដោះគោនឹងមានប្រតិកម្មជាមួយអាស៊ីតក្នុងទឹកក្រូច បង្កឱ្យមានអាការហើមពោះ ឈឺពោះ ឬរាគរូស។ អ្នកជំនាញក៏បានណែនាំផងដែរថា មិនគួរញ៉ាំទឹកក្រូចក្នុងអំឡុងពេលកំពុងប្រើប្រាស់ថ្នាំពេទ្យឡើយ ដោយគួរទុកចន្លោះពេលពី ១ ទៅ ២ ម៉ោងមុន ឬក្រោយពេលលេបថ្នាំ។
ដើម្បីទទួលបានគុណប្រយោជន៍ខ្ពស់បំផុត អ្នកគួរទទួលទានទឹកក្រូចនៅពេលព្រឹក ព្រោះវាជាពេលវេលាដែលរាងកាយអាចស្រូបយកវីតាមីន និងជាតិរ៉ែបានល្អបំផុត ដើម្បីផ្ដល់ថាមពលសម្រាប់ពេញមួយថ្ងៃ ឬអ្នកអាចញ៉ាំក្រោយពេលបាយរួចពី ១ ទៅ ២ ម៉ោង។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលមានបញ្ហារលាកក្រពះ ជំងឺទឹកនោមផ្អែម ឬបញ្ហាថ្លើម និងតម្រងនោម គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរញ៉ាំច្រើនជ្រុលហួសកំណត់ឡើយ។ ការយល់ដឹងពីពេលវេលាច្បាស់លាស់ក្នុងការញ៉ាំ នឹងជួយឱ្យអ្នកទទួលបាននូវភាពស្រស់ស្រាយ និងសុខភាពមាំមួនដោយសុវត្ថិភាព៕