យោងតាមការចុះផ្សាយពីប្រភពបរទេស យើងម្នាក់ៗសុទ្ធតែដឹងថាទឹកពិតជាសំខាន់ ប៉ុន្តែ “របៀបផឹក” ក៏សំខាន់មិនចាញ់ “បរិមាណ” ដែរ។ ការផឹកទឹកឱ្យត្រូវយុទ្ធសាស្ត្រ មិនត្រឹមតែជួយប្ដូរស្បែកដែលធ្លាប់តែស្ងួតក្រៀមឱ្យមកជាភ្លឺរលោងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញប្រព័ន្ធដុតរំលាយអាហារឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព។
ដើម្បីទទួលបានលទ្ធផលនេះ អ្នកគួរចាប់ផ្ដើមថ្ងៃថ្មីដោយការផឹកទឹកក្ដៅឧណ្ហៗមួយកែវ លាយជាមួយអំបិលផ្កាឈូកបន្តិច ដើម្បីបំពេញជាតិរ៉ែដែលរាងកាយបានបាត់បង់ក្នុងពេលគេង និងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការបានល្អតាំងពីព្រលឹម។
យុទ្ធសាស្ត្រសំខាន់មួយទៀតគឺ “ច្បាប់ ២០ នាទី” ដោយការផឹកទឹកមួយកែវមុនពេលញ៉ាំបាយ ដើម្បីកាត់បន្ថយការឃ្លានខ្លាំង និងជួយឱ្យប្រព័ន្ធរំលាយអាហារត្រៀមខ្លួនបានល្អ ប៉ុន្តែគួរចៀសវាងការផឹកទឹកច្រើនពេកក្នុងអំឡុងពេលញ៉ាំបាយ ព្រោះវាអាចធ្វើឱ្យទឹកអាស៊ីតក្រពះរាវពេកដែលនាំឱ្យការរំលាយអាហារមិនពេញលេញ។ ក្រៅពីនេះ អ្នកគួរទម្លាប់ផឹកទឹកបែប “ក្រេបបន្តិចម្ដងៗ” ពេញមួយថ្ងៃ ជាជាងការផឹកម្ដងអស់មួយដបធំ ព្រោះការក្រេបតិចៗជួយឱ្យរាងកាយស្រូបយកទឹកទៅចិញ្ចឹមកោសិកាស្បែកបានជាប់លាប់។ ប្រសិនបើអ្នកពិបាកក្នុងការចងចាំ អ្នកអាចប្រើដបទឹកដែលមានគំនូសបញ្ជាក់ម៉ោងផឹក ឬប្រើតិចនិក “ងើបឈរផឹកទឹកមួយកែវ” រាល់ពេលដែលអ្នកងើបពីកៅអី ដើម្បីឱ្យការផឹកទឹកក្លាយជាទម្លាប់ដោយស្វ័យប្រវត្តិ។
ចំពោះអ្នកដែលចង់ជំរុញការដុតរំលាយកាឡូរី ការផឹកទឹកត្រជាក់ខ្លាំងអាចជួយបាន ព្រោះរាងកាយត្រូវប្រើថាមពលដើម្បីកែតម្រូវសីតុណ្ហភាពទឹកឱ្យស្មើនឹងសីតុណ្ហភាពខ្លួនប្រាណ។ បន្ថែមពីនេះ ប្រសិនបើអ្នកទើបតែហាត់ប្រាណរួច អ្នកគួរលាយអំបិលសមុទ្របន្តិចក្នុងទឹកផឹក ដើម្បីបំពេញអេឡិចត្រូឡីតដែលបាត់បង់តាមញើស។ ប្រសិនបើអ្នកធុញទ្រាន់នឹងរសជាតិទឹកសាប អ្នកអាចបន្ថែមចំណិតខ្ញី ស្លឹកជីអង្កាម ឬចំណិតក្រូចឆ្មារចូល ដើម្បីបង្កើនរសជាតិបែបធម្មជាតិ និងជួយកាត់បន្ថយការចង់ញ៉ាំទឹកផ្អែម។ ការអនុវត្តតិចនិកងាយៗទាំង ៨ យ៉ាងនេះ គឺជាវិធីសាស្ត្រថែសម្រស់ និងសុខភាពដែលសន្សំសំចៃបំផុត ប៉ុន្តែផ្ដល់លទ្ធផលគួរឱ្យកត់សម្គាល់៕