យោងតាមការចុះផ្សាយពីប្រភពបរទេស រឿងរ៉ាវផ្លូវភេទគឺជាប្រធានបទធម្មជាតិដែលយើងអាចជជែកគ្នាបានដោយបើកចំហក្នុងន័យចំណេះដឹង។ ការសម្រេចកាមដោយខ្លួនឯង ដរាបណាវាមិនបានបង្កផលរំខានដល់អ្នកដទៃ ឬធ្វើឡើងក្នុងទីកន្លែងមិនសមរម្យ វាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែលមនុស្សជាច្រើនប្រហែលជាមិនធ្លាប់ដឹង។
ការសិក្សាបានបង្ហាញថា សកម្មភាពនេះជួយឱ្យរាងកាយបញ្ចេញនូវសារធាតុសំខាន់ៗដែលផ្ដល់ផលវិជ្ជមានដល់រាងកាយ និងអារម្មណ៍យ៉ាងស្មានមិនដល់។
អត្ថប្រយោជន៍ដំបូងបង្អស់គឺ ជួយឱ្យសម្រាន្តលក់បានស្កប់ស្កល់។ នៅពេលសម្រេចកាម រាងកាយនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ឬ “អ័រម៉ូននៃក្ដីស្រឡាញ់” ដែលជួយឱ្យសាច់ដុំមានភាពធូរស្រាល កាត់បន្ថយភាពតានតឹង និងធ្វើឱ្យអ្នកឆាប់គេងលក់បានជ្រៅ។ ជាមួយគ្នានេះ វាក៏ជួយឱ្យ ផ្លូវចិត្តមានភាពស្រឡះល្អ ព្រោះវាជាវិធីសាស្ត្រម្យ៉ាងក្នុងការរំដោះភាពស្មុគស្មាញ និងជួយឱ្យអារម្មណ៍វិលមករកភាពស្ងប់ស្ងាត់វិញបានយ៉ាងរហ័ស។
អ្វីដែលកាន់តែពិសេសនោះគឺ ការសម្រេចកាមជួយឱ្យអ្នក មានក្ដីសុខ និងកាត់បន្ថយស្ត្រេស។ រាងកាយនឹងបញ្ចេញសារធាតុដូប៉ាមីន និងអង់ដូហ្វីន ដែលជាសារធាតុបង្កើតក្ដីសុខ ព្រមទាំងជួយកាត់បន្ថយកម្រិតអ័រម៉ូនករទីសូល ដែលជាអ័រម៉ូនបង្កភាពតានតឹង។ នៅពេលអ័រម៉ូនស្ត្រេសធ្លាក់ចុះ វាក៏មានចំណែក ជួយកាត់បន្ថយការឃ្លានអាហារ ជាពិសេសអាហារដែលមានជាតិផ្អែម ឬខ្លាញ់ ដែលយើងតែងតែចង់ញ៉ាំនៅពេលមានអារម្មណ៍មួម៉ៅ។
ក្រៅពីផលប្រយោជន៍ខាងផ្លូវចិត្ត វាក៏ផ្ដល់ផលល្អដល់សម្រស់ និងរាងកាយផងដែរ។ ការសម្រេចកាមជួយជំរុញការរត់នៃចរន្តឈាម ដែលនាំឱ្យ ស្បែកមានសភាពស្រស់ថ្លា និងមានសុខភាពល្អ។ បន្ថែមពីនេះ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការសម្រេចកាមយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយឱ្យ សុខភាពបេះដូងកាន់តែរឹងមាំ។ ជាចុងក្រោយ វាក៏ជាវិធីសាស្ត្រមួយដែលជួយឱ្យអ្នកយល់ដឹងពីចំណុចសម្រើបរបស់ខ្លួនឯងកាន់តែច្បាស់ ដែលធ្វើឱ្យ ជីវិតផ្លូវភេទជាមួយដៃគូកាន់តែប្រសើរឡើង។
ជារួម រឿងផ្លូវភេទគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស។ ការយល់ដឹងពីសិទ្ធិបុគ្គល និងការផ្ដល់តម្លៃលើសុខភាពផ្លូវភេទដោយការទទួលខុសត្រូវ នឹងជួយឱ្យអ្នករស់នៅដោយភាពជឿជាក់ និងមានតុល្យភាពទាំងកាយនិងចិត្ត៕