យោងតាមការចុះផ្សាយពីប្រភពបរទេស សេចក្ដីសុខក្នុងជីវិតប្ដីប្រពន្ធដែលរឹងមាំ មិនមែនកើតឡើងតែពីរឿងធំដុំនោះទេ ប៉ុន្តែវាច្រើនតែកើតចេញពី “សកម្មភាពតូចតាច” ដែលយើងធ្វើចំពោះគ្នាជារៀងរាល់យប់។ ពេលវេលាមុនពេលចូលគេង គឺជាពេលដែលបេះដូងងាយនឹងបើកទទួលយកក្ដីស្រឡាញ់បំផុត។
តាមរយៈការអនុវត្តតិចនិកងាយៗដូចជា ការផ្ដល់នូវការឱបយ៉ាងកក់ក្ដៅត្រឹមតែ ១០ ទៅ ២០ វិនាទី អាចជួយឱ្យរាងកាយទាំងសងខាងមានអារម្មណ៍ធូរស្រាល និងមានសុវត្ថិភាព។ បន្ថែមពីនេះ ការប៉ះអង្អែលស្រាលៗលើសក់ ឬស្មា គឺជាវិធីបំបាត់ភាពតានតឹងពីការងារពេញមួយថ្ងៃបានយ៉ាងពូកែ និងបង្កើតបរិយាកាសដ៏កក់ក្ដៅភ្លាមៗ។
អ្វីដែលមិនអាចខ្វះបាននោះគឺ ការនិយាយពាក្យផ្អែមល្ហែមខ្លីៗមុនពេលបិទភ្លើង ដូចជាពាក្យ “អរគុណដែលខំប្រឹងដើម្បីគ្រួសារ” “តើថ្ងៃនេះបងហត់ទេ?” ឬពាក្យ “គេងលក់សុបិនល្អណា” ដែលពាក្យទាំងនេះមានឥទ្ធិពលខ្លាំងណាស់ក្នុងការធ្វើឱ្យដៃគូមានអារម្មណ៍ថាខ្លួនត្រូវបានគេផ្ដល់តម្លៃ។ ការផ្ដេកខ្លួនក្បែរគ្នា ឬការកាន់ដៃគ្នាត្រឹមតែប៉ុន្មាននាទី ក៏អាចជួយពង្រឹងចំណងមេត្រីភាពឱ្យកាន់តែជិតស្និទ្ធ និងបង្កើតភាពជឿជាក់លើគ្នាទៅវិញទៅមក។
ក្រៅពីនេះ ប្រសិនបើស្វាមីទើបតែឆ្លងកាត់ការងារដ៏មមាញឹក ការជួយច្របាច់ស្មាស្រាលៗត្រឹមតែ ២ ទៅ ៣ នាទី នឹងជួយឱ្យសាច់ដុំបានសម្រាក និងជួយឱ្យគាត់សម្រាន្តលក់បានស្កប់ស្កល់ជាងមុន។ ជាចុងក្រោយ ការបិទបញ្ចប់រាត្រីដោយស្នាមញញឹម ឬការថើបត្រង់ថ្ងាសស្រាលៗ គឺជាការបង្ហាញពីក្ដីបារម្ភ និងភាពទន់ភ្លន់ ដែលធ្វើឱ្យដៃគូមានអារម្មណ៍ថា “យើងនៅតែស្រឡាញ់គ្នាដូចដើម”។ សកម្មភាពទាំងនេះមិនមែនជារឿងស្មុគស្មាញឡើយ ប៉ុន្តែវាគឺជាការយកចិត្តទុកដាក់ដែលគួរធ្វើជារៀងរាល់ថ្ងៃ ដើម្បីឱ្យទំនាក់ទំនងកាន់តែស្អិតល្មួត និងពោរពេញដោយសុភមង្គល៕