យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺមហារីកក្រពេញប្រូស្តាត គឺជាសត្រូវលាក់មុខដ៏គួរឱ្យខ្លាចបំផុតមួយសម្រាប់បុរស ដែលច្រើនតែកើតឡើងលើមនុស្សវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ។ ក្រពេញនេះស្ថិតនៅផ្នែកខាងក្រោមនៃប្លោកនោម ហើយមានតួនាទីផលិតទឹកសម្រាប់ចិញ្ចឹមមេជីវិតឈ្មោល។
នៅពេលដែលកោសិកាក្នុងក្រពេញនេះវិវត្តខុសប្រក្រតី និងបំបែកខ្លួនយ៉ាងលឿន វានឹងបង្កជាជំងឺមហារីក ដែលអាចប៉ះពាល់ដល់ប្រព័ន្ធបង្ហូរនោម និងអាយុជីវិត។ ក្រៅពីការពិនិត្យសុខភាពឱ្យបានទៀងទាត់ និងការហាត់ប្រាណ ការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ គឺជាខែលការពារដ៏រឹងមាំពីខាងក្នុងដែលបុរសគ្រប់រូបមិនគួររំលង។
អាហារដំបូងគេដែលអ្នកជំនាញណែនាំគឺ ក្រុមបន្លែអំបូរស្ពៃ ដូចជា ផ្កាស្ពៃខៀវ ផ្កាស្ពៃស ស្ពៃក្ដោបពណ៌ស្វាយ និងស្ពៃស។ បន្លែទាំងនេះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិ ជួយកម្ចាត់ភ្នាក់ងារបង្កមហារីក និងកាត់បន្ថយការរលាកក្នុងរាងកាយយ៉ាងពូកែ។ បន្ទាប់មកគឺ ប៉េងប៉ោះ ដែលជាកំពូលអាហារសម្បូរទៅដោយសារធាតុ “លីកូពែន”។ សារធាតុនេះមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កជាជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ ថែមទាំងជួយឱ្យស្បែកស្រស់ថ្លាទៀតផង។ អ្នកអាចស្វែងរកសារធាតុស្រដៀងគ្នានេះបាននៅក្នុងបន្លែផ្លែឈើដែលមានពណ៌ក្រហម ឬពណ៌ទឹកក្រូច។
អ្វីដែលមិនអាចខ្វះបានក្នុងរបបអាហារប្រចាំថ្ងៃនោះគឺ គ្រាប់ធញ្ញជាតិ និងសណ្ដែក។ នៅក្នុងផលិតផលធ្វើពីសណ្ដែកសៀង ផ្លែទទឹម និងគ្រាប់ធញ្ញជាតិនានា សម្បូរទៅដោយសារធាតុ ក្នុងការទប់ស្កាត់មហារីកក្រពេញប្រូស្តាត ជួយឱ្យក្រពេញនេះរឹងមាំ និងរក្សាតុល្យភាពអ័រម៉ូនបុរសបានយ៉ាងល្អ។ ក្រៅពីអាហារទាំង ៣ ក្រុមនេះ ការបន្ថែមគ្រាប់ល្ពៅ ផ្លែប៉ោម ខ្ទឹមបារាំង និងផ្លែឈើអំបូរល្វាក៏ជួយជំរុញប្រសិទ្ធភាពការពារកាន់តែខ្ពស់។
ការថែទាំសុខភាពឱ្យឆ្ងាយពីមហារីកក្រពេញប្រូស្តាត មិនមែនជារឿងពិបាកនោះទេ ប្រសិនបើអ្នកចាប់ផ្ដើមយកចិត្តទុកដាក់លើរបបអាហារតាំងពីវ័យក្មេង។ ក្រៅពីការបរិភោគអាហារល្អៗ ការកាត់បន្ថយការសេពគ្រឿងស្រវឹង ឈប់ជក់បារី និងការគ្រប់គ្រងទម្ងន់ឱ្យបានសមស្រប គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីរស់នៅដោយក្ដីសុខ និងមានសុខភាពល្អជានិរន្តរ៍៕