យោងតាមការចុះផ្សាយពីប្រភពបរទេស អាការៈរួយក រឹងស្មា និងចុកកញ្ចឹងក គឺជាបញ្ហាដែលបុគ្គលិកការិយាល័យភាគច្រើនជួបប្រទះ ដោយសារការអង្គុយមុខកុំព្យូទ័រ ឬឱនមើលទូរស័ព្ទយូរម៉ោង។ ប្រសិនបើអ្នកមិនចង់ចំណាយពេល និងថវិកាទៅហាងម៉ាស្សា អ្នកអាចសាកល្បងតិចនិកងាយៗដែលចំណាយពេលត្រឹម ៣ នាទី ហើយអាចធ្វើបានភ្លាមៗនៅកន្លែងធ្វើការ។
ដើម្បីបន្ធូរសាច់ដុំដែលកំពុងតឹងណែន អ្នកអាចចាប់ផ្ដើមដោយការអង្គុយខ្លួនត្រង់ រួចផ្អៀងកទៅខាងស្ដាំ ហើយប្រើដៃជួយសង្កត់ស្រាលៗរយៈពេល ១៥ វិនាទី រួចធ្វើឆ្លាស់គ្នាទៅខាងឆ្វេង ដើម្បីជួយយឺតសរសៃក និងស្មាដែលកំពុងរឹង។ បន្ទាប់មក គួរអនុវត្តការបង្វិលស្មាទៅក្រោយយឺតៗឱ្យបាន ១០ ទៅ ១៥ ជុំ និងបង្វិលត្រឡប់មកមុខវិញ ដើម្បីជួយឱ្យចរន្តឈាមរត់បានស្រួល និងកាត់បន្ថយភាពហត់នឿយនៃសាច់ដុំ។
តិចនិកដ៏សំខាន់មួយទៀតសម្រាប់អ្នកដែលមានទម្លាប់អង្គុយខុបស្មា គឺការប្រទាក់ដៃគ្នាទៅក្រោយ រួចទាញពើងទ្រូងទៅមុខឱ្យអស់ និងងើបមុខឡើងបន្តិច រក្សាទុកប្រហែល ៣០ វិនាទី ព្រោះវាជួយបើកសាច់ដុំទ្រូង និងសម្រាលបន្ទុកស្មាបានយ៉ាងល្អបំផុត។ ជាចុងក្រោយ ត្រូវបិទវគ្គដោយការយារស្មាឡើងឱ្យខ្ពស់បំផុត រក្សាទុក ២ វិនាទី រួចទម្លាក់ចុះវិញឱ្យលឿន ដោយធ្វើបែបនេះឱ្យបាន ១០ ដង វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រឡះ និងស្រាលខ្លួនភ្លាមៗ។
ក្រៅពីការហាត់យឺតសាច់ដុំ អ្នកគួរយកចិត្តទុកដាក់លើសញ្ញាព្រមានដូចជាការឈឺក្បាល ឬការលើកដៃមិនចង់រួចជាដើម។ ដើម្បីការពារកុំឱ្យអាការឈឺចាប់នេះត្រឡប់មកវិញ អ្នកគួររៀបចំកម្រិតអេក្រង់កុំព្យូទ័រឱ្យស្ថិតក្នុងកម្រិតភ្នែក អង្គុយខ្លួនត្រង់ និងព្យាយាមងើបដើរ ឬយឺតសរសៃរៀងរាល់ ១ ម៉ោងម្ដង។ ការចំណាយពេលត្រឹម ៣ នាទីជារៀងរាល់ថ្ងៃ គឺជាការវិនិយោគដ៏ចំណេញបំផុត ដើម្បីឱ្យអ្នកអាចបន្តធ្វើការប្រកបដោយផាសុកភាព និងមានថាមពល៕