យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសៗភាគច្រើនតែងតែមានការបារម្ភ និងយល់ច្រឡំថា នៅពេលដែលទឹកនោមបាញ់ចេញមកមិនសូវមានកម្លាំង ឬមិនបានឆ្ងាយដូចមុន គឺជាសញ្ញានៃការចុះខ្សោយសមត្ថភាពលើគ្រែ។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ប្រព័ន្ធទឹកនោម បានបកស្រាយយ៉ាងច្បាស់ថា កម្លាំងនៃលំហូរទឹកនោមមិនមែនជាខ្នាតវាស់ស្ទង់សមត្ថភាពផ្លូវភេទដោយផ្ទាល់នោះទេ។ ជាទូទៅ ការនោមមិនសូវខ្លាំងអាចបណ្ដាលមកពីកត្តារូបរាងកាយ ដូចជាបញ្ហាក្រពេញប្រូស្តាតរីកធំដែលទៅរាំងស្ទះផ្លូវដើមនៃទឹកនោម ឬការចុះខ្សោយនៃសាច់ដុំអាងត្រគាកដោយសារការអង្គុយធ្វើការយូរពេក និងភាពតានតឹងក្នុងអារម្មណ៍។
ទោះបីជាការនោមមិនសូវឆ្ងាយ មិនមែនជាការចុះខ្សោយសមត្ថភាពផ្លូវភេទភ្លាមៗ ប៉ុន្តែប្រសិនបើបុរសៗមានរោគសញ្ញាព្រមានមួយចំនួនអមជាមួយ គឺមិនគួរមើលរំលងឡើយ។ អាការនោមទាស់ នោមដាច់កង់ ឬខ្សែទឹកនោមតូចខុសធម្មតា ជាសញ្ញាដែលច្រើនតែកើតលើអ្នកមានបញ្ហាក្រពេញប្រូស្តាត ដែលវាអាចប៉ះពាល់ដល់រំហូរឈាមទៅកាន់ប្រដាប់ភេទ ធ្វើឱ្យមានបញ្ហាក្នុងការឡើងរឹង។ ជាមួយគ្នានេះ ការក្រោកនោមយប់ញឹកញាប់ពេក ក៏ធ្វើឱ្យការសម្រាកមិនបានស្កប់ស្កល់ ដែលនាំឱ្យកម្រិតអ័រម៉ូនបុរសធ្លាក់ចុះ បង្កជាបញ្ហាចំណង់ផ្លូវភេទ និងការឡើងរឹងមិនបានពេញលេញ។ រីឯការឈឺចាប់ពេលបត់ជើងតូចវិញ គឺជាសញ្ញានៃការរលាក ឬឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម ដែលអាចទៅបំផ្លាញប្រព័ន្ធប្រសាទ និងសរសៃឈាមនៅតំបន់អាងត្រគាកក្នុងរយៈពេលវែង។
ដើម្បីស្ដារកម្លាំង និងពង្រឹងសុខភាពឱ្យរឹងមាំឡើងវិញ អ្នកជំនាញបានណែនាំឱ្យបុរសៗងាកមកអនុវត្តការហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាក ឬការហាត់ខ្ជិប ឱ្យបានទៀងទាត់ ដើម្បីបង្កើនកម្លាំងរុញច្រាននៃប្រព័ន្ធបញ្ចេញចោល។ បន្ថែមពីនេះ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ការជ្រើសរើសរបបអាហារដែលសម្បូរសារធាតុលីកូពីន និងស័ង្កសី ក៏ជាជំនួយដ៏វិសេស។ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកធ្វើការការិយាល័យ គឺត្រូវជៀសវាងការអង្គុយយូរហួសកម្រិត ដោយត្រូវងើបដើរចុះឡើងដើម្បីឱ្យឈាមរត់បានស្រួលទៅកាន់ផ្នែកខាងក្រោម។ ការយកចិត្តទុកដាក់លើប្រព័ន្ធបញ្ចេញចោល និងការថែទាំសុខភាពពីខាងក្នុង គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យសុភាពបុរសរក្សាបាននូវភាពជឿជាក់ និងភាពរឹងមាំជានិច្ច៕