យោងតាមការចុះផ្សាយពីប្រភពបរទេស រលកកម្ដៅដែលកើនឡើងខ្ពស់ហួសពី ៣៧-៣៨ អង្សាសេ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ហប់ស្អុះស្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសត្រូវលាក់មុខដែលបំផ្លាញមុខងារតម្រងនោមផងដែរ។
បើតាមការពន្យល់របស់វេជ្ជបណ្ឌិតជំនាញ ការបាត់បង់ជាតិទឹកតាមរយៈញើសក្នុងរដូវក្ដៅ ធ្វើឱ្យទឹកនោមកាន់តែខាប់ ដែលជាឱកាសឱ្យរ៉ែខ្សាច់ដូចជា កាល់ស្យូម និងអាស៊ីតអ៊ុយរិក កកើតជាក្រួសក្នុងតម្រងនោមបានយ៉ាងងាយ បើទោះបីជាអ្នកមិនធ្លាប់មានប្រវត្តិជំងឺតម្រងនោមក៏ដោយ។
ទោះបីជាការញ៉ាំទឹកជារឿងចាំបាច់ ប៉ុន្តែទម្លាប់នៃការញ៉ាំទឹកខុសបច្ចេកទេសមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ការញ៉ាំទឹកក្នុងបរិមាណច្រើនពេកក្នុងពេលតែមួយភ្លាមៗ ក្រោយពេលដើរកាត់កម្ដៅថ្ងៃ ឬធ្វើសកម្មភាពធ្ងន់ៗ អាចធ្វើឱ្យកំហាប់ជាតិសូដ្យូមក្នុងឈាមចុះថយភ្លាមៗ បង្កជាបញ្ហាអតុល្យភាពអេឡិចត្រូឡីត ដែលនាំឱ្យមានអាការអស់កម្លាំង ឈឺក្បាល និងវិលមុខ។ បន្ថែមពីនេះ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈមានហ្គាស មិនត្រឹមតែមិនជួយការពារតម្រងនោមនោះទេ តែវាកាន់តែបង្កើនបន្ទុកដល់ការធ្វើមេតាបូលីស និងជំរុញឱ្យកកើតក្រួសកាន់តែលឿន។
អ្នកគួរយកចិត្តទុកដាក់លើសញ្ញាព្រមានមួយចំនួនដែលបង្ហាញថា តម្រងនោមរបស់អ្នកកំពុងធ្វើការធ្ងន់ដូចជា ទឹកនោមមានពណ៌ក្រហមដិត ក្លិនឆួលខ្លាំង ឬនោមតិចខុសធម្មតា មានអារម្មណ៍ក្រហាយពេលបត់ជើងតូច អស់កម្លាំងខ្លាំង និងមានការឈឺចុកចាប់នៅតំបន់ចង្កេះ ឬខ្នងផ្នែកខាងក្រោម។
ដើម្បីការពារសុខភាពក្នុងរដូវក្ដៅនេះ អ្នកជំនាញបានផ្ដល់ដំបូន្មានឱ្យញ៉ាំទឹកក្នុងបរិមាណតិចៗតែឱ្យបានញឹកញាប់ពេញមួយថ្ងៃ ទោះបីជាមិនទាន់មានអារម្មណ៍ស្រេកក៏ដោយ។ ក្រៅពីការញ៉ាំទឹកស្អាតជាជម្រើសល្អបំផុត អ្នកគួរបង្កើនការញ៉ាំបន្លែ និងផ្លែឈើដែលជួយបញ្ចុះកម្ដៅ រួមទាំងជៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីទើបតែដើរកាត់កម្ដៅថ្ងៃខ្លាំង ឬទើបហាត់ប្រាណរួច។ ការយកចិត្តទុកដាក់លើការផ្លាស់ប្តូរនៃទឹកនោម និងការរក្សាទម្លាប់រស់នៅល្អ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារតម្រងនោមរបស់អ្នកឱ្យមានសុខភាពល្អ ជៀសផុតពីផលវិបាករយៈពេលវែង៕