យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ដៃសម្រាប់វាយអត្ថបទ ឬអូសមើលបណ្ដាញសង្គមរាប់ម៉ោងក្នុងមួយថ្ងៃ អាចបង្កឱ្យមានសម្ពាធខ្លាំងលើសរសៃប្រសាទកដៃ និងនាំឱ្យមានអាការស្ពឹក ឬចុកចាប់។ ដើម្បីថែរក្សាសុខភាពកដៃ និងការពារជំងឺរលាកស្រោមសរសៃ ក៏ដូចជាការកកស្ទះសរសៃប្រសាទកដៃ អ្នកគួរចំណាយពេលត្រឹមតែប៉ុន្មាននាទីអនុវត្តលំហាត់ប្រាណងាយៗទាំងនេះ៖
យឺតសរសៃ និងបង្កើនភាពបត់បែន៖ ចាប់ផ្ដើមដោយ ការសំពះយឺតសរសៃ ដោយផ្អឹបបាតដៃទាំងពីរចូលគ្នា រួចសង្កត់ចុះមកត្រឹមចង្កេះយឺតៗ ដើម្បីកាត់បន្ថយភាពតឹងណែននៃកដៃ។ បន្ទាប់មកអនុវត្ត ការរុញកដៃឡើងលើចុះក្រោម ដោយប្រើដៃម្ខាងទៀតជួយទាញឱ្យតឹង ដើម្បីពង្រឹងភាពបត់បែននៃសរសៃពួរដែលប្រើប្រាស់ក្នុងការវាយកុំព្យូទ័រយូរម៉ោង។
សម្រាលភាពរោយស្រពន់ម្រាមដៃ៖ សម្រាប់អ្នកដែលប្រើស្មាតហ្វូនច្រើន ការអនុវត្ត ការក្ដាប់ដៃ និងលាចេញឱ្យអស់ នឹងជួយជំរុញចរន្តឈាមឱ្យរត់បានស្រួល និងបង្ការអាការរឹងម្រាមដៃ។ បន្ថែមពីនេះ ការធ្វើ ក្បាច់រាំចុងម្រាមដៃ ដោយប្រើមេដៃប៉ះនឹងចុងម្រាមដទៃទៀតម្ដងមួយៗ នឹងជួយសម្រាលការហត់នឿយនៃសាច់ដុំតូចៗក្នុងបាតដៃដែលប្រើសម្រាប់អូស Mouse ឬ Chat ជាដើម។
បន្ធូរបន្ថយសម្ពាធសរសៃប្រសាទ៖ អ្នកគួរធ្វើ ការបង្វិលកដៃជារង្វង់ យឺតៗ ដើម្បីជួយឱ្យទឹកជួបសន្លាក់រត់បានស្រួល និង ការយឺតមេដៃ ដោយបត់មេដៃទៅប៉ះគល់ម្រាមកូនដៃ ដើម្បីការពារការរលាកសរសៃពួរមេដៃដែលធ្វើការធ្ងន់បំផុតពេលកាន់ទូរស័ព្ទ។ ជាចុងក្រោយ បញ្ចប់ដោយ ការរលាស់ដៃស្រាលៗ ដើម្បីកាត់បន្ថយអាការស្ពឹក និងជួយឱ្យសរសៃប្រសាទបានសម្រាកពីការសង្កត់ក្នុងឥរិយាបថដដែលៗយូរពេក។
ការចំណាយពេលត្រឹមតែបន្តិចបន្តួចនៅចន្លោះពេលធ្វើការ ដើម្បីអនុវត្តលំហាត់ប្រាណទាំងនេះ គឺជាការវិនិយោគសុខភាពដ៏ឆ្លាតវៃសម្រាប់មនុស្សក្នុងយុគសម័យឌីជីថល។ កុំរង់ចាំរហូតដល់ឈឺខ្លាំងទើបព្យាបាល ព្រោះដៃដែលរឹងមាំគឺជាជំនួយការដ៏សំខាន់បំផុតក្នុងការបង្កើតស្នាដៃ និងការកម្សាន្តរបស់អ្នកជារៀងរាល់ថ្ងៃ៕