យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែរក្សាថ្លើមឱ្យមានសុខភាពល្អ មិនចាំបាច់ពឹងផ្អែកលើអាហារបំប៉នថ្លៃៗនោះទេ ប៉ុន្តែវាចាប់ផ្ដើមពីការកែប្រែទម្លាប់ញ៉ាំដែលយើងតែងតែយល់ច្រឡំ។ ការស្រាវជ្រាវរយៈពេល ១០ ឆ្នាំលើមនុស្សជាង ១២០,០០០ នាក់នៅចក្រភពអង់គ្លេស បានរកឃើញការពិតដ៏គួរឱ្យតក់ស្លុតថា ការញ៉ាំភេសជ្ជៈដែលប្រើ “សារធាតុផ្អែមជំនួសស្ករ”ត្រឹម ១ កំប៉ុងក្នុងមួយថ្ងៃ បង្កគ្រោះថ្នាក់ដល់ថ្លើមខ្លាំងជាងភេសជ្ជៈដែលមានជាតិស្ករធម្មតាទៅទៀត។
ដើម្បីស្រោចស្រង់សុខភាពថ្លើមឱ្យល្អឡើងវិញ អ្នកជំនាញបានណែនាំនូវជំហានងាយៗចំនួន ៣៖
ផ្លាស់ប្តូរភេសជ្ជៈ និងកាត់បន្ថយសារធាតុពុល៖ ជាតិស្ករហ្វ្រុចតូសនិងសារធាតុផ្អែមជំនួសស្ករ គឺជាបន្ទុកដ៏ធ្ងន់សម្រាប់ថ្លើម។ អ្នកគួរផ្លាស់ប្តូរមកញ៉ាំ ទឹកស្អាត ឬកាហ្វេខ្មៅ ជំនួសវិញ ព្រោះកាហ្វេខ្មៅមិនត្រឹមតែជួយជំនួសភេសជ្ជៈផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពជួយការពារថ្លើមផងដែរ។ ជាមួយគ្នានេះ ត្រូវ កាត់បន្ថយគ្រឿងស្រវឹង ជាដាច់ខាត ព្រោះជាតិអាល់កុលបង្ខំឱ្យថ្លើមធ្វើការលើសកម្លាំងដើម្បីបញ្ចេញជាតិពុល រហូតបណ្ដាលឱ្យមានការកកកុញជាតិខ្លាញ់ក្នុងកោសិកាថ្លើម។
ប្រើប្រាស់អាហារបំប៉នធម្មជាតិពីក្នុងផ្ទះបាយ៖ អ្នកមិនចាំបាច់ចំណាយប្រាក់ទិញអាហារបំប៉ន តម្លៃថ្លៃនោះទេ ព្រោះគ្រឿងផ្សំនៅក្នុងផ្ទះបាយដូចជា ខ្ទឹមបារាំង ខ្ទឹមស សណ្ដែកបារាំង និងស្រូវអូត សុទ្ធតែសម្បូរសារធាតុពីធម្មជាតិ។ សារធាតុនេះជួយដល់មីក្រូសារពាង្គកាយក្នុងពោះវៀនឱ្យជួយរំលាយជាតិស្ករមួយផ្នែក មុននឹងវាធ្វើដំណើរទៅដល់ថ្លើម ដែលជាការជួយសម្រាលបន្ទុកថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
ការអនុវត្តតាមការណែនាំទាំងនេះត្រឹមតែរយៈពេល ១ ខែ នឹងធ្វើឱ្យមុខងារថ្លើមរបស់អ្នកមានការវិវត្តល្អប្រសើរឡើងវិញយ៉ាងច្បាស់។ ការយល់ដឹងពីគ្រោះថ្នាក់នៃភេសជ្ជៈដែលមើលទៅដូចជា “ល្អចំពោះសុខភាព” គឺជាជំហានដំបូងដ៏សំខាន់ក្នុងការការពារសរីរាង្គបន្សុទ្ធជាតិពុលដ៏សំខាន់បំផុតរបស់រាងកាយអ្នក៕