យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលដែលគ្រប់គ្នាតែងបង្ហាញភាពជោគជ័យលើបណ្ដាញសង្គម វាជារឿងងាយស្រួលណាស់ដែលធ្វើឱ្យនារីៗមានអារម្មណ៍ថា “ខ្លួនឯងមិនពូកែ” ឬខ្លាចអ្នកដទៃដឹងថាខ្លួនមិនមានសមត្ថភាពពិត។ ដើម្បីរំដោះខ្លួនចេញពីគំនិតអវិជ្ជមានទាំងនេះ និងដាស់ភាពជឿជាក់ក្នុងខ្លួនឡើងវិញ អ្នកគួរអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
ទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯង៖ ជំហានដំបូងគឺត្រូវយល់ថា ការមានអារម្មណ៍មិនជឿជាក់លើខ្លួនឯង គឺជារឿងធម្មតាដែលសូម្បីតែបុគ្គលជោគជ័យក៏ធ្លាប់ឆ្លងកាត់ដែរ។ វាគ្រាន់តែជាសញ្ញាបង្ហាញថា អ្នកកំពុងឈានចេញពីតំបន់សុវត្ថិភាពទៅរកអ្វីដែលថ្មី និងអស្ចារ្យជាងមុន។ ចូរព្យាយាម ផ្លាស់ប្តូររបៀបនិយាយជាមួយខ្លួនឯង ដោយប្ដូរពីពាក្យស្ដីបន្ទោសមកជាពាក្យលើកទឹកចិត្ត ដូចដែលអ្នកនិយាយទៅកាន់មិត្តជិតស្និទ្ធបំផុតរបស់អ្នកដែរ។
កត់ត្រាជោគជ័យ និងឈប់ប្រៀបធៀប៖ អ្នកគួរទម្លាប់ កត់ត្រាជោគជ័យតូចៗប្រចាំថ្ងៃទោះបីគ្រាន់តែជាការបញ្ចប់ការងារតូចមួយ ឬទទួលបានពាក្យសរសើរក៏ដោយ ដើម្បីទុកជាភស្តុតាងបញ្ជាក់ថាអ្នកកំពុងអភិវឌ្ឍខ្លួនជានិច្ច។ សំខាន់បំផុតគឺត្រូវ ឈប់ប្រៀបធៀបជីវិតពិតរបស់អ្នក ទៅនឹងភាពល្អឥតខ្ចោះដែលគេបង្ហាញលើអនឡាញ ព្រោះអ្វីដែលអ្នកឃើញគ្រាន់តែជាជ្រុងដ៏ស្អាតដែលគេជ្រើសរើសមកបង្ហាញប៉ុណ្ណោះ។
ស្វែងរកកន្លែងសុវត្ថិភាព និងអ្នកប្រឹក្សា៖ ការលាក់ទុកការព្រួយបារម្ភម្នាក់ឯង នឹងធ្វើឱ្យអ្នកកាន់តែធ្ងន់ចិត្ត។ ចូរស្វែងរក អ្នកប្រឹក្សាឬមិត្តភក្តិដែលទុកចិត្ត ដើម្បីចែករំលែកអារម្មណ៍ ព្រោះការទទួលបានមតិស្ថាបនាពីអ្នកដទៃ នឹងជួយឱ្យអ្នកមើលឃើញចំណុចខ្លាំងរបស់ខ្លួនឯងកាន់តែច្បាស់។ ការចេះសណ្ដោសប្រណី និងចិត្តល្អចំពោះខ្លួនឯង គឺជាគន្លឹះមាសដែលធ្វើឱ្យអ្នកក្លាយជាមនុស្សស្រីដែលមានមន្តស្នេហ៍ និងមានទំនុកចិត្តខ្ពស់បំផុតក្នុងគ្រប់តួនាទី៕