យោងតាមការចុះផ្សាយពីប្រភពបរទេស អាការក្បាលពោះប៉ោង ឬអារម្មណ៍តឹងណែនក្នុងពោះ ជួនកាលមិនមែនមកពីខ្លាញ់លើសទាំងស្រុងនោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីកាកសំណល់ដែលកកស្ទះក្នុងពោះវៀន។ ការលាងជម្រះជាតិពុលតាមបែបធម្មជាតិ នឹងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អឡើងវិញ និងជួយឱ្យក្បាលពោះរាបស្មើបានយ៉ាងឆាប់រហ័ស។
ដើម្បីទទួលបានពោះវៀនស្អាត និងសុខភាពល្អ អ្នកគួរអនុវត្តតាមជំហានងាយៗខាងក្រោម៖
ដាស់ប្រព័ន្ធបញ្ចេញចោលពីព្រលឹម៖ ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយ ការផឹកទឹកក្ដៅឧណ្ហៗលាយក្រូចឆ្មារ ១ កែវ។ ជាតិអាស៊ីតក្នុងក្រូចឆ្មារនឹងជួយជំរុញការបញ្ចេញទឹក និងដាស់ពោះវៀនធំឱ្យបញ្ចេញកាកសំណល់ដែលនៅសេសសល់ពីយប់ចេញមកក្រៅ។ បន្ទាប់មក ត្រូវ បន្ថែមអាហារដែលមានជាតិមីក្រូសារពាង្គកាយល្អ ដូចជា យ៉ាអួធម្មជាតិ ឬជ្រក់គីមឈី ចូលក្នុងរបបអាហារ ដើម្បីជួយបំបែកកាកសំណល់ និងកាត់បន្ថយជាតិហ្គាសដែលធ្វើឱ្យហើមពោះ។
សម្អាត និងជំរុញចលនាពោះវៀន៖ ការញ៉ាំបន្លែបៃតង និងផ្លែឈើដែលមាន ជាតិសរសៃ ខ្ពស់ ប្រៀបដូចជាការប្រើ “អំបោសទិព្វ” ទៅបោសសម្អាតជញ្ជាំងពោះវៀនឱ្យស្អាត។ ទន្ទឹមនឹងនេះ អ្នកត្រូវ ផឹកទឹកឱ្យបាន ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យជាតិសរសៃរីកមាឌ និងធ្វើចលនាឆ្លងកាត់ពោះវៀនបានយ៉ាងរលូន។ វិធីសាស្រ្តបន្ថែមដែលអ្នកអាចធ្វើបាននៅផ្ទះ គឺ ការម៉ាស្សាក្បាលពោះតិចៗតាមទ្រនិចនាឡិកា ប្រហែល ៥-១០ នាទី ដើម្បីជំរុញឱ្យពោះវៀនធ្វើចលនាបញ្ជូនកាកសំណល់ទៅកាន់ផ្លូវបញ្ចេញចោលបានកាន់តែប្រសើរ។
វិន័យនៃការរស់នៅ៖ ក្នុងអំឡុងពេលចង់សម្រកក្បាលពោះ អ្នកគួរ ជៀសវាងអាហារកែច្នៃ និងជាតិស្ករ ព្រោះវាជាចំណីរបស់បាក់តេរីអាក្រក់ដែលបង្កឱ្យមានការរលាក និងហើមពោះ។
ជាចុងក្រោយ មុនពេលចូលគេង អ្នកអាច ហាត់យូហ្គាក្បាច់បង្វិលខ្លួន តិចៗ ដើម្បីជួយម៉ាស្សាសរីរាង្គខាងក្នុងឱ្យកាន់តែស៊ីជម្រៅ។ ការអនុវត្តតាមវិធីសាស្ត្រធម្មជាតិទាំងនេះជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយឱ្យអ្នកទទួលបានរាងស្លីមស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែកភ្លឺថ្លា និងមានអារម្មណ៍ស្រស់ស្រាយពីខាងក្នុងមកវិញទៀតផង៕