យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងតែមានទម្លាប់ញ៉ាំអាហារពេលព្រឹកយឺត បន្ទាប់ពីម៉ោង ៩ ព្រឹក ដោយសាររវល់នឹងការងារ ឬការហាត់ប្រាណ។ ប៉ុន្តែតាមការណែនាំរបស់អ្នកជំនាញ ការញ៉ាំអាហារពេលព្រឹកឱ្យបានកាន់តែឆាប់បន្ទាប់ពីភ្ញាក់ពីគេង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះបន្ទាប់ពីការសម្រាកអស់រយៈពេល ៨ ទៅ ១០ ម៉ោង ក្រពះរបស់យើងនឹងនៅទំនេរ និងមានផ្ទុកជាតិអាស៊ីតយ៉ាងច្រើន។
ប្រសិនបើអ្នកពន្យារពេលញ៉ាំអាហារ ជាតិអាស៊ីតក្នុងក្រពះនឹងកាន់តែបញ្ចេញមកច្រើន ដែលអាចបណ្ដាលឱ្យប៉ះពាល់ និងបំផ្លាញស្រទាប់ក្រពះក្នុងរយៈពេលវែង។ ការបង្កើតទម្លាប់ញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ និងឆាប់រហ័ស មិនត្រឹមតែជួយការពារក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកអាចគ្រប់គ្រងបរិមាណអាហារពេលថ្ងៃត្រង់ និងពេលល្ងាចបានល្អ ព្រមទាំងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាពផងដែរ។
សម្រាប់មនុស្សចាស់ ដែលជារឿយៗពិបាកក្នុងការញ៉ាំអាហារពេលព្រឹកឱ្យបានច្រើនភ្លាមៗ អ្នកជំនាញណែនាំថា ហាមដាច់ខាតមិនឱ្យរំលងអាហារពេលព្រឹក នោះឡើយ។ ប្រសិនបើមិនអាចញ៉ាំអាហារធ្ងន់បាន អ្នកគួរចាប់ផ្ដើមដោយអាហារស្រាលៗដូចជា ទឹកដោះគោមួយប្រអប់ ឬនំប៉័ងបន្តិចបន្តួច ដើម្បីការពារកុំឱ្យក្រពះនៅទំនេរខ្លាំងពេក។ ការយកចិត្តទុកដាក់លើពេលវេលានៃការញ៉ាំអាហារពេលព្រឹក គឺជាការវិនិយោគដ៏សាមញ្ញបំផុតមួយ ដើម្បីធានាបាននូវសុខភាពរឹងមាំ និងថាមពលពេញលេញសម្រាប់កិច្ចការពេញមួយថ្ងៃ៕