យោងតាមការចុះផ្សាយពីប្រភពបរទេស ការភ្ញាក់មកជាមួយនឹងអាការរឹងក ឬឈឺកកម្រើកមិនរួច ដែលយើងតែងហៅថា “ដេកធ្លាក់ខ្នើយ” មិនត្រឹមតែបង្កការរំខានដល់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ពេញមួយថ្ងៃផងដែរ។ អាការនេះច្រើនកើតឡើងដោយសារការដេកខុសឥរិយាបថ ប្រើខ្នើយមិនសមស្រប ឬការតានតឹងសាច់ដុំកកកុញពីការប្រើកុំព្យូទ័រយូរពេក។
ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស អ្នកអាចអនុវត្តតាមក្បួនយឺតសាច់ដុំងាយៗចំនួន ៥ ជំហាន៖
យឺតសាច់ដុំសងខាង និងផ្នែកខាងក្រោយ៖ ចាប់ផ្ដើមដោយ ការផ្អៀងកទៅចំហៀង យឺតៗ (ផ្អៀងទៅខាងដែលមិនឈឺមុន) រួចប្រើដៃសង្កត់ស្រាលៗ និងរក្សាទុក ១០-១៥ វិនាទី ដើម្បីកាត់បន្ថយភាពតឹង។ បន្ទាប់មកធ្វើ ការងក់កចុះក្រោម ឱ្យចង្ការឱនជិតទ្រូង រួចប្រើដៃសង្កត់ពីក្រោយក្បាលតិចៗ ដើម្បីសម្រាលសាច់ដុំកផ្នែកខាងក្រោយ។
បង្កើនចលនា និងសម្រាលស្មា៖ អនុវត្ត ការងើបកឡើងលើ យឺតៗតាមដែលអាចធ្វើបាន និង ការបង្វិលកជារង្វង់ យឺតៗ ម្ខាង ៥ ជុំ ដើម្បីជួយឱ្យចរន្តឈាមរត់បានស្រួល និងកាត់បន្ថយភាពរឹងក។ ជាចុងក្រោយ កុំភ្លេច ការលើកស្មាឡើងលើ ឱ្យខ្ពស់បំផុត រួចទម្លាក់ចុះវិញឱ្យបាន ១០ ដង ដើម្បីជួយសម្រាលភាពតឹងណែននៅត្រង់ម្ដុំក និងស្មាដែលពាក់ព័ន្ធគ្នា។
តិចនិកបន្ថែមដើម្បីឱ្យឆាប់ជា៖
- ស្អំទឹកក្ដៅឧណ្ហៗ៖ គួរស្អំនៅត្រង់កន្លែងឈឺមុននឹងចាប់ផ្ដើមហាត់យឺតសាច់ដុំ។
- កុំបង្ខំ៖ រាល់ចលនាត្រូវធ្វើដោយយឺតៗ បើឈឺខ្លាំងមិនត្រូវបង្ខំទាញ ឬគ្រលាក់កខ្លាំងៗឡើយ។
- ជៀសវាងការអោន៖ ក្នុងអំឡុងពេលឈឺ គួរកាត់បន្ថយការអោនមើលទូរស័ព្ទដៃយូរពេក។
ប្រសិនបើអាការមិនធូរស្បើយក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ឬមានអាការស្ពឹកដល់ដៃ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ការចំណាយពេលត្រឹម ៥ នាទីដើម្បីថែទាំសាច់ដុំក នឹងជួយឱ្យអ្នកត្រលប់មកមានភាពស្រស់ស្រាយ និងបំពេញការងារបានយ៉ាងរលូនឡើងវិញ៕