យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលវ័យ ៤០ ឆ្នាំ ស្រ្តីជាច្រើនចាប់ផ្ដើមមានការប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង ដូចជាឆាប់ខឹងនឹងរឿងបន្តិចបន្តួច ឬមានអារម្មណ៍មួម៉ៅខ្លាំងដែលមិនអាចគ្រប់គ្រងបាន។ អាការនេះមិនមែនមកពីចរិតលក្ខណៈមិនល្អនោះទេ ប៉ុន្តែវាគឺជាស្ថានភាពរូបរាងកាយពិតប្រាកដដែលហៅថា “Perimenopause Rage” ឬអារម្មណ៍ប្រែប្រួលខ្លាំងក្នុងដំណាក់កាលអន្តរកាលមុនអស់រដូវ។
មូលហេតុចម្បង និងផលប៉ះពាល់ដែលស្រ្តីគួរដឹងមានដូចជា៖
ការប្រែប្រួលអ័រម៉ូន និងរាងកាយ៖ កត្តាជំរុញដ៏សំខាន់គឺការមិនចុះសម្រុងគ្នានៃអ័រម៉ូនអេស្ត្រូសែន និងប្រូជេស្តេរ៉ូន ដែលជះឥទ្ធិពលផ្ទាល់ដល់សារធាតុបញ្ជូនសរសៃប្រសាទក្នុងខួរក្បាលសម្រាប់គ្រប់គ្រងអារម្មណ៍។ បញ្ហានេះកាន់តែធ្ងន់ធ្ងរនៅពេលរួមផ្សំនឹងការសម្រាកមិនលក់ ការបែកញើសពេលយប់ និងភាពតានតឹងប្រចាំថ្ងៃ ដែលធ្វើឱ្យស្រ្តីវ័យនេះឆាប់ “ដាច់ហ្វុយ” ជាងវ័យដទៃទៀត។
សញ្ញាព្រមាន និងផលប៉ះពាល់៖ អាការនេះច្រើនចាប់ផ្ដើមនៅចន្លោះអាយុពី ៣៥ ដល់ ៤៥ ឆ្នាំ ជាពិសេសនៅពេលដែលរដូវចាប់ផ្ដើមមកមិនទៀង។ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងក្នុងគ្រួសារ កន្លែងធ្វើការ និងកាត់បន្ថយទំនុកចិត្តលើខ្លួនឯង។ ការសិក្សាបានបង្ហាញថា ស្រ្តីរហូតដល់ ៧០% ជួបប្រទះនឹងបញ្ហាប្រឈមផ្នែកអារម្មណ៍ក្នុងអំឡុងពេលផ្លាស់ប្តូរវ័យនេះ។
វិធីសាស្រ្តដោះស្រាយ និងការថែទាំ៖
- ឈប់ស្ដីបន្ទោសខ្លួនឯង៖ ត្រូវយល់ថាវាគឺជាការប្រែប្រួលផ្នែកជីវសាស្ត្រ មិនមែនជាកំហុសរបស់អ្នកឡើយ។
- កែលម្អការរស់នៅ៖ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីតុល្យភាពអ័រម៉ូន និងកាត់បន្ថយគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន។
- គ្រប់គ្រងភាពតានតឹង៖ អនុវត្តការធ្វើសមាធិ ឬហាត់ដកដង្ហើមវែងៗ ដើម្បីជួយឱ្យអារម្មណ៍ស្ងប់។
- ពិគ្រោះជាមួយគ្រូពេទ្យ៖ ប្រសិនបើអាការមានសភាពធ្ងន់ធ្ងរ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាលតាមរយៈអ័រម៉ូន ឬវិធីសាស្ត្រវេជ្ជសាស្ត្រផ្សេងៗ។
ការយល់ដឹងពីខ្លួនឯង និងការទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យស្រ្តីអាចឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរវ័យនេះទៅបានយ៉ាងរលូន និងមានសេចក្ដីសុខ៕