យោងតាមការចុះផ្សាយពីប្រភពបរទេស ជីរវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម ជាបន្លែដែលឆាប់រលួយ និងប្តូរពណ៌លឿនបំផុត ប្រសិនបើកម្រិតសំណើម និងសីតុណ្ហភាពមិនត្រឹមត្រូវ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចអនុវត្តតាមវិធីសាស្ត្រងាយៗដែលជួយរក្សាគុណភាពបន្លែបានយូរអង្វែង និងកាត់បន្ថយការខ្ជះខ្ជាយថវិកា។
ដំណាក់កាលដំបូងដែលសំខាន់បំផុត គឺការសម្អាត និងធ្វើឱ្យស្ងួត ដោយអ្នកត្រូវលាងជម្រះដីចេញពីឫស និងគល់ឱ្យស្អាត រួចដកស្លឹកដែលរលួយ ឬលឿងចេញឱ្យអស់ ដើម្បីការពារកុំឱ្យវារាលដាលដល់ស្លឹកល្អៗដទៃទៀត។ បន្ទាប់ពីលាងរួច អ្នកត្រូវធ្វើឱ្យបន្លែស្ងួតជិតឈឹង ដោយការហាលខ្យល់ ឬប្រើក្រដាសអនាម័យជូតជម្រះទឹកឱ្យអស់ ព្រោះសំណើមដែលនៅសេសសល់គឺជាដើមហេតុចម្បងដែលធ្វើឱ្យបន្លែរលួយក្នុងទូទឹកកក។
សម្រាប់ការរក្សាទុកឱ្យនៅស្រស់បានយូរ អ្នកអាចប្រើដបទឹកជ័រដែលកាត់ជាពីរផ្នែក រួចដាក់បន្លែដែលស្ងួតស្អាតចូលទៅក្នុងនោះដោយដាក់ផ្នែកឫសចុះក្រោម ហើយយកផ្នែកខាងលើមកគ្របបិទវិញដើម្បីរក្សាសំណើមសមល្មម និងការពារស្លឹកបន្លែមិនឱ្យរងការសង្កត់ ដែលអាចឱ្យវានៅស្រស់បានដល់ ២ ទៅ ៣ សប្តាហ៍។ ប្រសិនបើមិនមានដបជ័រ អ្នកអាចប្រើក្រដាសអនាម័យបន្ទះធំមកខ្ចប់បន្លែឱ្យជិត រួចដាក់ចូលក្នុងថង់ស៊ីប ឬប្រអប់ជ័រដែលមានគម្របបិទជិត ព្រោះក្រដាសនឹងជួយបឺតស្រូបសំណើមដែលលើសមិនឱ្យប៉ះផ្ទាល់នឹងស្លឹកបន្លែ។ ចំពោះអ្នកដែលចង់រក្សាទុកឱ្យបានយូរលើសពីមួយខែ អ្នកអាចហាន់ជីរវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមជាកង់ៗតូចៗ រួចច្រកចូលក្នុងថង់ ឬប្រអប់ដាក់ក្នុងចន្លោះកកនៃទូទឹកកក។ នៅពេលត្រូវការប្រើ អ្នកគ្រាន់តែយកវាមកដាក់ក្នុងស៊ុប ឬម្ហូបដែលកំពុងក្ដៅជាការស្រេច ទោះបីជារូបរាងមិនស្រស់ស្អាតដូចបន្លែថ្មី ប៉ុន្តែក្លិន និងរសជាតិនៅតែរក្សាបានល្អឥតខ្ចោះ ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបានយ៉ាងច្រើន៕