យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំសាច់អាំងបណ្ដើរ ផឹកស្រាបៀរត្រជាក់ៗបណ្ដើរ គឺជាទម្លាប់ដ៏ពេញនិយមដែលផ្ដល់អារម្មណ៍ស្រស់ស្រាយ ប៉ុន្តែការរួមបញ្ចូលគ្នានេះអាចជាសត្រូវលាក់មុខចំពោះសុខភាព ប្រសិនបើអ្នកញ៉ាំញឹកញាប់ពេក។
នៅពេលអ្នកផឹកស្រាបៀរ ជាតិអាល់កុលនឹងត្រូវថ្លើមបំប្លែងទៅជាសារធាតុពុលដែលអាចបង្កឱ្យមានជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើម រីឯសាច់ដែលអាំងក្នុងកម្ដៅខ្ពស់ នឹងបង្កើតឱ្យមានសារធាតុបង្កមហារីកដែលអាចទៅបំផ្លាញកោសិការាងកាយ។ នៅពេលអ្នកញ៉ាំអាហារទាំងពីរនេះក្នុងពេលតែមួយ ថ្លើមរបស់អ្នកនឹងត្រូវធ្វើការធ្ងន់ទ្វេដងដើម្បីកម្ចាត់ជាតិពុលបញ្ចូលគ្នា ដែលវាងាយនឹងធ្វើឱ្យថ្លើមខូចគុណភាព និងប្រឈមនឹងជំងឺធ្ងន់ធ្ងរក្នុងរយៈពេលវែង។
ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ អ្នកជំនាញណែនាំឱ្យកាត់បន្ថយការផឹកស្រាបៀរ ហើយប្តូរមកញ៉ាំទឹកផ្លែឈើ ឬទឹកស្អាតជំនួសវិញ ដើម្បីសម្រាលបន្ទុកដល់ថ្លើម។ លើសពីនេះ អ្នកអាចអនុវត្តតិចនិកអាំងសាច់ឱ្យមានសុវត្ថិភាព ដោយការប្រឡាក់សាច់ជាមួយក្រូចឆ្មារ ឬជីរអង្កាមដើម្បីកាត់បន្ថយការកកើតសារធាតុបង្កមហារីក និងគួរធ្វើឱ្យសាច់ឆ្អិនពាក់កណ្ដាលមុននឹងយកទៅអាំង ដើម្បីបន្ថយរយៈពេលដែលសាច់ត្រូវប៉ះនឹងភ្លើងផ្ទាល់។ ការប្រើក្រដាសអាលុយមីញ៉ូមខ្ចប់សាច់ដើម្បីជៀសវាងខ្លាញ់ស្រក់លើរង់ភ្លើងបង្កជាផ្សែងពុល និងការប្រែសាច់ឱ្យបានញឹកញាប់ដើម្បីការពារកុំឱ្យសាច់ខ្លោច ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរក្សាសុខភាពថ្លើមឱ្យនៅរឹងមាំ និងមានសុវត្ថិភាពខ្ពស់បំផុត៕