យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកទម្ងន់ដែលត្រឹមត្រូវ មិនមែនជាការបង្អត់អាហាររហូតដល់ទ្រុឌទ្រោមនោះទេ ប៉ុន្តែគឺជាការកែសម្រួលរបបអាហារ និងការរស់នៅឱ្យមានតុល្យភាព។ ប្រសិនបើអ្នកចង់ស្រកគីឡូដោយជោគជ័យ និងមានសុខភាពល្អ សូមអនុវត្តតាមគោលការណ៍មាសទាំង ៥ នេះ៖
គោលការណ៍ដំបូងគឺ ហាមរំលងអាហារ ទោះបីជាអ្នកចង់កាត់បន្ថយកាឡូរីក៏ដោយ ការបង្អត់អាហារនឹងធ្វើឱ្យរាងកាយចុះខ្សោយ និងអស់កម្លាំងភ្លាមៗ។ វិធីដែលល្អគឺការកាត់បន្ថយបរិមាណអាហារបន្តិចម្ដងៗ ដើម្បីឱ្យរាងកាយមានពេលបន្ស៊ាំ។ បន្ទាប់មក អ្នកគួរ បង្កើនការញ៉ាំជាតិសរសៃ និងប្រូតេអ៊ីន ដោយជ្រើសរើសបន្លែបៃតង ផ្លែឈើមានកាឡូរីទាប និងសាច់ស ស៊ុត ឬសណ្ដែក ដែលជួយឱ្យអ្នកឆាប់ឆ្អែតបានយូរ និងរក្សាម៉ាសសាច់ដុំ។ ទន្ទឹមនឹងនេះ គួរកាត់បន្ថយជាតិម្សៅ និងប្តូរមកញ៉ាំគ្រាប់ធញ្ញជាតិ ឬអង្ករសម្រូបជំនួសវិញ ដើម្បីរក្សាថាមពលឱ្យនៅថេរ។
ចំណុចសំខាន់មួយទៀតគឺ ត្រូវសម្រកទម្ងន់បន្តិចម្ដងៗ កុំប្រញាប់ប្រញាល់ចង់ស្រកលឿនពេក ព្រោះវាអាចធ្វើឱ្យស្បែកយារធ្លាក់ និងស្ងួត។ អ្នកគួររួមបញ្ចូលជាតិខ្លាញ់ល្អៗដូចជា ខ្លាញ់ត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ ដើម្បីជួយឱ្យស្បែកមានសំណើម និងជួយដល់ការស្រូបយកជីវជាតិ។ ក្រៅពីនេះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ ប្រហែល ២ លីត្រក្នុងមួយថ្ងៃ គឺចាំបាច់ណាស់ដើម្បីជួយដល់ការរំលាយអាហារ បញ្ចេញជាតិពុល និងកាត់បន្ថយអារម្មណ៍ឃ្លាន។
ជាចុងក្រោយគឺ ការហាត់ប្រាណដោយស្មារតី ដោយជ្រើសរើសសកម្មភាពដែលសមស្របនឹងកម្លាំងកាយរបស់អ្នក ដូចជាការដើរ ហែលទឹក ឬយោគៈ និងត្រូវបង្កើនកម្រិតនៃការហាត់បន្តិចម្ដងៗ ដើម្បីជៀសវាងការហត់នឿយខ្លាំងពេក។ សម្រាប់អ្នកដែលមានគីឡូលើសខ្លាំង យកល្អគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវិភាគសមាសធាតុក្នុងរាងកាយ និងរៀបចំផែនការអាហារូបត្ថម្ភឱ្យបានច្បាស់លាស់។ ការសម្រកទម្ងន់តាមបែបវិទ្យាសាស្ត្រនេះ នឹងជួយឱ្យអ្នកទទួលបានរាងកាយមាំមួន និងមានទំនុកចិត្តក្នុងរយៈពេលវែង៕