យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែទទឹមគឺជាកំពូលផ្លែឈើដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C វីតាមីន B6 និងជាតិរ៉ែសំខាន់ៗជាច្រើន ដែលជួយកាត់បន្ថយការរលាក ការពារបេះដូង និងជួយដល់ប្រព័ន្ធរំលាយអាហារ។ ទោះបីជាវាមានអត្ថប្រយោជន៍មហិមាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកញ៉ាំខុសរបៀប វានឹងធ្វើឱ្យបាត់បង់គុណតម្លៃអាហារូបត្ថម្ភ ឬអាចបង្កផលប៉ះពាល់ដល់សុខភាពវិញ។ ខាងក្រោមនេះគឺជាកំហុស ៣ យ៉ាងដែលអ្នកគួរជៀសវាង៖
កំហុសដំបូងគឺ ការញ៉ាំទាំងសំបក។ អ្នកជំនាញបានបញ្ជាក់ថា សំបកផ្លែទទឹមមានសភាពរឹង និងល្វីងខ្លាំង ដែលមិនអាចញ៉ាំបានឡើយ។ អ្នកគួរផ្ដោតតែលើការញ៉ាំគ្រាប់ទទឹមដែលមានជាតិទឹកផ្អែមត្រជាក់ប៉ុណ្ណោះ។ ដើម្បីងាយស្រួលក្នុងការយកគ្រាប់ ចូរប្រើកាំបិតវះសំបកខាងក្រៅស្រាលៗជាចំណែកៗ មុននឹងបំបែកវាចេញ។
បន្ទាប់មកគឺ ការញ៉ាំច្រើនហួសកម្រិត។ ទោះបីជាទទឹមសម្បូរជាតិសរសៃជួយដល់ការបន្ទោបង់ ប៉ុន្តែការញ៉ាំច្រើនពេកក្នុងពេលតែមួយ អាចបណ្ដាលឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារទៅវិញ។ បរិមាណដែលល្អបំផុតគឺត្រឹម កន្លះកែវ (គ្រាប់ទទឹម) ក្នុងមួយដង។ លើសពីនេះ សម្រាប់អ្នកដែលមានបញ្ហាទល់លាមករ៉ាំរ៉ៃ ការញ៉ាំគ្រាប់ទទឹមច្រើនពេក អាចប្រឈមនឹងការស្ទះពោះវៀនផងដែរ។
ចំណុចចុងក្រោយគឺ ការមើលរំលងអាការប្រតិកម្ម។ ទោះបីជាករណីប្រតិកម្មជាមួយផ្លែទទឹមមានតិចតួចបំផុត ប៉ុន្តែវាអាចកើតឡើងចំពោះមនុស្សមួយចំនួន ដោយបង្កជាអាការហើម រមាស់ ឬពិបាកដកដង្ហើម។ ប្រសិនបើអ្នកសង្កេតឃើញសញ្ញាមិនប្រក្រតីទាំងនេះបន្ទាប់ពីញ៉ាំរួច ត្រូវបញ្ឈប់ការញ៉ាំភ្លាមៗ និងប្រញាប់ទៅជួបគ្រូពេទ្យ។ ការញ៉ាំក្នុងបរិមាណសមស្រប និងដឹងពីវិធីសាស្ត្រត្រឹមត្រូវ នឹងជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីផ្លែទទឹមសម្រាប់សុខភាពរាងកាយជារៀងរាល់ថ្ងៃ៕