តើអ្នកធ្លាប់ដឹងទេថាតាមពិតទៅក្រោយពីការប្រើប្រាស់ថ្នាំមានវិធីច្រើនទៀតណាស់ដែលអាចព្យាបាលរក្សាសុខភាពល្អប្រសើរបាន? របបអាហារសុខភាពល្អ, ការធ្វើលំហាត់ប្រាណ និងគ្មានភាពតានតឹងក្នុងអារម្មណ៍ គឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចធ្វើទៅបានដោយងាយដើម្បីរក្សាសុខភាពជៀសផុតពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកមិនគួរផ្ដោតសំខាន់តែទៅលើសុខភាពផ្លូវកាយឡើយ ក៏ព្រោះសុខភាពផ្លូវចិត្តក៏សំខាន់ខ្លាំងដូចគ្នា។ ហើយពេលខ្លះសុខភាពផ្លូវចិត្តពិបាកនឹងមើលថែជាងសុខុមាលភាពផ្លូវកាយរបស់អ្នកទៀតផង! ប្រសិនបើអ្នកមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរ នោះទើបមានន័យថាអ្នកមានសុខភាពល្អពេញលេញ។ ការមានសត្វចិញ្ចឹម គឺជាវិធីដ៏ងាយបំផុតមួយជួយអ្នកឱ្យសម្រេចបាននូវសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរ។ ហើយមិនថាអ្នកចិញ្ចឹមឆ្កែ, ឆ្មា, ទន្សាយ ឬសូម្បីតែកណ្ដុរក៏ដោយ ការធ្វើសកម្មភាពសង្គមជាមួយសត្វចិញ្ចឹមអាចផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនស្មានមិនដល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលសត្វចិញ្ចឹមល្អសម្រាប់អ្នក ៖
១. សត្វចិញ្ចឹមជួយលើកអារម្មណ៍ល្អប្រសើរ
ការអោបឆ្មា, ការអង្អែលឆ្កែ ឬសូម្បីតែការមើលត្រីរបស់អ្នកហែលទៅវិញទៅមកក៏អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភ និងស្ត្រេសបានផងដែរ។ កម្រិតនៃអ័រម៉ូន cortisol ឬអ័រម៉ូនស្ត្រេសត្រូវបានកាត់បន្ថយ ហើយកម្រិតអ័រម៉ូន serotonin ឬអ័រម៉ូនធ្វើឱ្យអារម្មណ៍រីករាយកើនឡើងគួរឱ្យកត់សម្គាល់នៅពេលអ្នកលំហែអារម្មណ៍ ឬលេងជាមួយសត្វចិញ្ចឹម។
២. ការបណ្ដើរសត្វចិញ្ចឹមតម្រូវឱ្យមានសកម្មភាពរាងកាយ
សត្វឆ្កែ ក៏ដូចនឹងមនុស្សដែរ គឺត្រូវការធ្វើសកម្មភាពរាងកាយ និងមានកាយសម្បទារឹងមាំ។ ដូច្នេះហើយទើបម្ចាស់សុនខមួយចំនួន រួមបញ្ចូលការបណ្ដើរសត្វចិញ្ចឹមរបស់ខ្លួននេះក្នុងសកម្មភាពប្រចាំថ្ងៃ។ មិនត្រឹមតែឆ្កែទេដែលបានធ្វើលំហាត់ប្រាណដោយចេញដើរនៅខាងក្រៅ អ្នកដែលជាម្ចាស់ក៏ដូចគ្នា។ ការធ្វើលំហាត់ប្រាណដោយដើរជាប្រចាំយ៉ាងហោចណាស់ត្រឹម ១៥០ នាទីក្នុងមួយសប្តាហ៍ គឺអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងបានយ៉ាងប្រសើរ។ ការបណ្ដើរសត្វចិញ្ចឹមក៏ធ្វើឱ្យអ្នកស្រកទម្ងន់ និងស្រូបយកនូវវីតាមីន D បានច្រើនផងដែរ។
៣. សត្វចិញ្ចឹមអាចជួយគ្រប់គ្រងសម្ពាធឈាម
ការមានសត្វចិញ្ចឹមពិតជាអាចជួយរក្សាសម្ពាធឈាមបានគួរឱ្យភ្ញាក់ផ្អើល។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា នៅក្នុងក្រុមមួយនៃគូស្វាមីភរិយាចំនួន ២៤០ គូ អ្នកដែលមានសត្វចិញ្ចឹម គឺមានសម្ពាធឈាម និងអាត្រានៃចង្វាក់បេះដូងទាបជាងអ្នកដែលគ្មានសត្វចិញ្ចឹម។ នោះក៏ព្រោះតែសត្វចិញ្ចឹមជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍។ ទោះជាយ៉ាងណា របបអាហារសុខភាពល្អ និងការធ្វើលំហាតប្រាណទៀងទាត់នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមត្រឹមត្រូវ។
៤. ការរស់នៅជាមួយសត្វចិញ្ចឹមអាចកាត់បន្ថយអាការៈអាឡែកស៊ី
ភស្តុតាងវេជ្ជសាស្រ្តបានបង្ហាញថា ការនៅជុំវិញ ឬជិតសត្វចិញ្ចឹមអាចជួបទប់ស្កាត់ក្មេងៗពីការវិវត្តទៅជាអាឡែកស៊ី និងជំងឺហឺត។ នោះក៏ព្រោះតែការនៅជិត ឬប៉ះពាល់សត្វចិញ្ចឹមអាចជួយឱ្យប្រព័ន្ធភាពស៊ាំនៃក្មេងមានភាពស៊ាំ ឬកាន់តែរឹងមាំឡើង។ ប្រសិនបើគ្មានការប៉ះពាល់ទេនោះ ក្មេងនឹងធំឡើងដោយមិនមានការការពារ ឬភាពស៊ាំនឹងកត្តាផ្សេងៗនៃប្រតិកម្មអាឡែកស៊ី ក៏ដូចជាជំងឺហឺតឡើយ។
៥. ការថែទាំសត្វចិញ្ចឹមបង្រៀនពីទំនួលខុសត្រូវ
ចំពោះកុមារ និងមនុស្សពេញវ័យ ការទទួលខុសត្រូវ គឺចាំបាច់ត្រូវតែរៀន ហើយមិនមានវិធីល្អ ហើយងាយអ្វីផ្សេងជាងការចិញ្ចឹមសត្វ ឬមានសត្វចិញ្ចឹមឡើយ។ ក៏ដូចនឹងមនុស្សដែរ សត្វចិញ្ចឹមត្រូវការការថែទាំយកចិត្តទុកដាក់។ ពួកវាត្រូវការអាហារ, ការងូតទឹក, ជម្រក និងការទំនាក់ទំនង។ ការរៀនថែរក្សាសត្វចិញ្ចឹមរបស់អ្នកឱ្យមានសុខភាពល្អ និងរីករាយ ក៏អាចជួយបង្រៀនអ្នកអំពីការមានទំនួលខុសត្រូវផងដែរ គឺមិនត្រឹមតែយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបំពេញភារកិច្ចមួយចំនួនផ្សេងទៀត។
៦. សត្វចិញ្ចឹមជួយទប់ទល់ជំងឺធ្លាក់ទឹកចិត្ត
ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត ឬមិនចង់ជួបប្រទះជំងឺនេះ សត្វចញ្ចឹមអាចជួយបាន។ សត្វចិញ្ចឹមអាចផ្ដល់ឱ្យអ្នកនូវក្ដីស្រឡាញ់ឥតល័ក្ខខ័ណ្ឌ ហើយវាតែងស្ដាប់អ្នកគ្រប់ពេលមិនថាយូរប៉ុណ្ណាឡើយ។ ការចិញ្ចឹមសត្វក៏មានប្រសិទ្ធិភាពព្យាបាលដែលអាចជួយឱ្យអ្នករក្សាបាននូវភាពស្ងប់ក្នុងអារម្មណ៍ផងដែរ។ សត្វចិញ្ចឹមក៏អាចទប់ស្កាត់អារម្មណ៍អស់សង្ឃឹម និងភាពភ័យខ្លាចក្នុងការឆ្លងកាត់ថ្ងៃមួយផ្សេងទៀត។ តាមបែបវិទ្យាសាស្ត្រ សត្វចិញ្ចឹម អាចលើកកំពស់ភាពរីករាយ និងប្រយុទ្ធប្រឆាំងជំងឺធ្លាក់ទឹកចិត្តដោយបង្កើនអ័រម៉ូន neurotransmitters, dopamine និងserotonin៕