យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសឥរិយាបថគេងដែលស្រួលខ្លួនជារឿងល្អ ប៉ុន្តែសម្រាប់បុរសដែលចូលចិត្ត “គេងផ្កាប់” ជារៀងរាល់យប់ វាអាចបង្កជាផលប៉ះពាល់ដល់សមត្ថភាពរាងកាយ និងប្រព័ន្ធបន្តពូជក្នុងរយៈពេលវែង។ ទោះបីជាការគេងផ្កាប់មិនបានបំផ្លាញមេជីវិតដោយផ្ទាល់ភ្លាមៗក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្នែកប្រព័ន្ធទឹកនោមបានព្រមានថា វាគឺជាឥរិយាបថដែលរំខានដល់របត់ឈាម និងមុខងារសំខាន់ៗនៃសរីរាង្គបុរស។
មូលហេតុចម្បងដែលការគេងផ្កាប់មិនល្អសម្រាប់សុខភាពបុរស គឺដោយសារវាបង្កឱ្យមានការសង្កត់សង្កិនទៅលើតំបន់ពោះ និងសរីរាង្គភេទក្នុងរយៈពេលយូរ ដែលនាំឱ្យលំហូរឈាមរត់មិនបានស្រួល។ លើសពីនេះ វាក៏បង្កការឈឺចាប់ដល់ក និងស្មា ព្រមទាំងធ្វើឱ្យពិបាកដកដង្ហើមក្នុងពេលសម្រាកផងដែរ។ បញ្ហាសំខាន់បីដែលបុរសៗគួរយល់ដឹងរួមមាន៖
ដំបូងបង្អស់ គឺការសង្កត់សង្កិនសរីរាង្គភេទដោយមិនដឹងខ្លួន ព្រោះតាមធម្មជាតិរបស់បុរស តែងតែមានការឡើងរឹងនៃសរីរាង្គភេទនៅពេលយប់។ ការគេងផ្កាប់នឹងធ្វើឱ្យមានការកកិត និងសង្កត់ជាប់នឹងពូក ដែលរំខានដល់ដំណេក និងធ្វើឱ្យគុណភាពនៃការសម្រាកចុះខ្សោយ។ បន្ទាប់មក វានឹងជះឥទ្ធិពលដល់អ័រម៉ូនតេស្តូស្តេរ៉ូន ព្រោះរាងកាយត្រូវការការគេងលក់ស្កប់ស្កល់ដើម្បីផលិតអ័រម៉ូននេះ ប្រសិនបើដំណេកត្រូវបានរំខាន កម្រិតអ័រម៉ូននឹងធ្លាក់ចុះ ដែលនាំឱ្យថយចុះនូវតម្រូវការផ្លូវភេទ និងសមត្ថភាពរួមភេទទាំងមូល។ ចំណុចចុងក្រោយ គឺប៉ះពាល់ដល់គុណភាពមេជីវិត ដោយសារពងស្វាសត្រូវការសីតុណ្ហភាពទាបជាងរាងកាយបន្តិចដើម្បីផលិតមេជីវិតឱ្យមានប្រសិទ្ធភាព ប៉ុន្តែការគេងផ្កាប់ធ្វើឱ្យតំបន់នោះមានកម្ដៅកើនឡើង និងហប់ខ្យល់ ដែលអាចកាត់បន្ថយចំនួន និងគុណភាពមេជីវិតក្នុងរយៈពេលវែង។
ដើម្បីសុខភាពល្អ អ្នកជំនាញណែនាំឱ្យជ្រើសរើស “ការគេងចំហៀង” ព្រោះវាជួយកាត់បន្ថយការសង្កត់សង្កិន និងផ្ដល់កន្លែងទំនេរឱ្យសរីរាង្គស្ថិតក្នុងស្ថានភាពធម្មជាតិ ជួយឱ្យដកដង្ហើមស្រួល និងគេងលក់បានស្កប់ស្កល់។ ម្យ៉ាងទៀត “ការគេងផ្ងារ” ដោយប្រើខ្នើយកល់នៅចន្លោះជើង ក៏ជាជម្រើសដ៏ល្អដើម្បីកាត់បន្ថយសម្ពាធលើចង្កេះ និងឆ្អឹងត្រគាកផងដែរ។ ប្រសិនបើអ្នកជួបបញ្ហាសមត្ថភាពផ្លូវភេទចុះខ្សោយជាប់គ្នានៅលើសពី ៣ ខែ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលត្រឹមត្រូវ។ ការកែប្រែទម្លាប់គេង រួមជាមួយការហាត់ប្រាណជារៀងរាល់ថ្ងៃ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការស្ដារប្រព័ន្ធរបត់ឈាម និងពង្រឹងសុខភាពបុរសឱ្យមាំមួនឡើងវិញ៕