យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុកើនកម្តៅខ្លាំងរហូតដល់ ៤០ អង្សាសេ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់ផឹកទឹកកក ឬទឹកត្រជាក់ខ្លាំងដើម្បីបំបាត់ការស្រេកទឹកភ្លាមៗ ប៉ុន្តែជារឿយៗតែងមានការចែកចាយព័ត៌មានតៗគ្នាថា ការផឹកទឹកត្រជាក់ខ្លាំងក្នុងស្ថានភាពបែបនេះ អាចបណ្តាលឱ្យដាច់សរសៃឈាម ឬសន្លប់បាត់ស្មារតី ដែលបង្កឱ្យមានការភ័យខ្លាចជាខ្លាំង។
ការពិតជាក់ស្តែង ការផឹកទឹកត្រជាក់ក្នុងថ្ងៃដែលមានកម្តៅក្តៅខ្លាំង មិនបានធ្វើឱ្យដាច់សរសៃឈាម ឬគ្រោះថ្នាក់ដល់ជីវិតចំពោះមនុស្សដែលមានសុខភាពល្អធម្មតានោះទេ ហើយផ្ទុយទៅវិញ វានឹងជួយឱ្យរាងកាយបញ្ចេញកម្តៅបានលឿន និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅថ្ងៃ ឬ Heatstroke ទៀតផង។ ចំពោះការយល់ច្រឡំថាមានគ្រោះថ្នាក់ គឺអាចមកពីអាការស្រៀវស្រើបដល់ខួរក្បាល ឬ Brain Freeze នៅពេលយើងផឹកទឹកត្រជាក់លឿនពេក ដែលបណ្តាលឱ្យសរសៃឈាមក្នុងមាត់ និងបំពង់កកន្ត្រាក់ ប៉ុន្តែវាគ្រាន់តែជាអាការបណ្តោះអាសន្ន និងមិនប៉ះពាល់ដល់សរសៃឈាមខួរក្បាលឡើយ។
ទោះបីជាមនុស្សទូទៅអាចផឹកបានធម្មតាក៏ដោយ ប៉ុន្តែមានក្រុមមនុស្សមួយចំនួនដែលគួរប្រុងប្រយ័ត្ន និងជៀសវាងការផឹកទឹកត្រជាក់ខ្លាំង ដូចជាអ្នកដែលមានជំងឺបេះដូង ព្រោះការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយភ្លាមៗអាចប៉ះពាល់ដល់ដំណើរការនៃបេះដូងក្នុងករណីខ្លះ។ ក្រៅពីនេះ អ្នកដែលមានបញ្ហាស្រៀវធ្មេញ ឬរលាកអញ្ចាញធ្មេញ ក៏គួរជៀសវាងដែរ ព្រោះទឹកត្រជាក់ខ្លាំងនឹងធ្វើឱ្យអាការឈឺចាប់កាន់តែធ្ងន់ធ្ងរ រួមទាំងអ្នកដែលមានបញ្ហាអាឡែស៊ីអាកាសធាតុ ដែលអាចបណ្ដាលឱ្យមានអាការតឹងច្រមុះ ឬក្អក។ ដើម្បីសុវត្ថិភាព និងភាពស្រស់ថ្លាក្នុងរដូវក្តៅ អ្នកគួរផឹកទឹកក្នុងបរិមាណឱ្យបានគ្រប់គ្រាន់ និងជៀសវាងការផឹកលឿនស្លន់ស្លោពេក ទោះបីជាទឹកនោះត្រជាក់ខ្លាំងក៏ដោយ ដើម្បីឱ្យរាងកាយអាចសម្របខ្លួនបានល្អ និងទទួលបានភាពស្រស់ស្រាយដោយគ្មានការព្រួយបារម្ភក្នុងថ្ងៃអាកាសធាតុក្តៅហួតហែងនេះ៕