យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនប្រហែលជាមិនធ្លាប់ដឹងទេថា របបអាហារដែលយើងញ៉ាំរាល់ថ្ងៃអាចជាអ្នកជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេសកាន់តែខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត ការគេង និងសុខភាពទូទៅ។ ទោះបីជាអ័រម៉ូននេះមានតួនាទីជួយគ្រប់គ្រងជាតិស្ករ និងពង្រឹងភាពស៊ាំក៏ដោយ ប៉ុន្តែបើវាមានកម្រិតខ្ពស់ខុសធម្មតាក្នុងរយៈពេលយូរ វានឹងក្លាយជាសត្រូវបំផ្លាញសុខភាពវិញយ៉ាងធ្ងន់ធ្ងរ។
អាហារដំបូងដែលគួរប្រយ័ត្នគឺ របស់បំពងខ្លាញ់ច្រើន ដូចជាដំឡូងបារាំង ឬមាន់បំពង ដែលសម្បូរទៅដោយខ្លាញ់មិនល្អ នាំឱ្យមានការរលាកដល់កោសិកា និងជំរុញឱ្យក័រទីសូលឡើងខ្ពស់ដើម្បីរក្សាតុល្យភាពជាតិស្ករ។ បន្ទាប់មកគឺ គ្រឿងស្រវឹង គ្រប់ប្រភេទដែលរំខានដល់កម្រិតជាតិស្ករក្នុងឈាម ធ្វើឱ្យរាងកាយផលិតអ័រម៉ូនស្ត្រេសជាប់ជានិច្ច នាំឱ្យមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឡើងទម្ងន់ និងគេងមិនលក់។ ចំពោះ ជាតិកាហ្វេអ៊ីន វិញ ទោះបីជាវាផ្ដល់ថាមពលនៅពេលព្រឹក ប៉ុន្តែបើញ៉ាំច្រើនពេក ឬញ៉ាំនៅពេលពោះទទេ វានឹងទៅញ៉ាំងប្រព័ន្ធប្រសាទឱ្យបញ្ចេញអ័រម៉ូនស្ត្រេសភ្លាមៗតែម្ដង។
ក្រៅពីនេះ អាហារកែច្នៃស្រាប់ ដូចជានំប៉័ងបឺហ្គើរ ឬនំកញ្ចប់ ដែលសម្បូរជាតិគីមីរក្សាគុណភាព និងខ្លាញ់ឆ្អែត ក៏ជាភ្នាក់ងារបង្កការរលាកក្នុងរាងកាយ និងធ្វើឱ្យប្រព័ន្ធការពារខ្លួនដំណើរការខុសប្រក្រតី។ ជាចុងក្រោយគឺ ជាតិស្ករដែលបន្ថែមក្នុងបង្អែម ទោះបីជាវាធ្វើឱ្យយើងមានអារម្មណ៍ល្អមួយភ្លែត ប៉ុន្តែការញ៉ាំស្ករច្រើនពេកធ្វើឱ្យជាតិស្ករក្នុងឈាមឡើងចុះលឿនខុសធម្មតា ដែលប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូនស្ត្រេស និងរំខានដល់តុល្យភាពមេរោគល្អក្នុងពោះវៀន។ ដើម្បីសុខភាពល្អ និងផ្លូវចិត្តស្រស់ថ្លា អ្នកមិនចាំបាច់ផ្ដាច់អាហារទាំងនេះទាំងស្រុងនោះទេ ប៉ុន្តែត្រូវញ៉ាំក្នុងកម្រិតសមល្មម និងចេះរៀបចំរបបអាហារឱ្យមានតុល្យភាព រួមជាមួយការសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យរាងកាយអាចទប់ទល់នឹងភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែង៕