មនុស្សភាគច្រើនយល់ថា «ចង់ស្គម ត្រូវបង្អត់អាហារ» ។ ប៉ុន្តែការពិត អាថ៌កំបាំងនៃរាងកាយសមសួន មិនមែនស្ថិតលើការ «ញ៉ាំតិច»នោះទេ គឺស្ថិតលើការញ៉ាំឱ្យត្រូវ ។ ខាងក្រោមនេះ គឺជាតិចនិកដែលអ្នកជំនាញអាហាររូបត្ថម្ភតែងតែអនុវត្ត ៖
១. ច្បាប់បន្លែមុនបាយក្រោយ
លំដាប់លំដោយនៃការញ៉ាំគឺសំខាន់ណាស់។ នៅពេលអ្នកញ៉ាំបន្លែមុន សរសៃហ្វៃបឺ (Fiber) នឹងទៅក្រាលក្នុងក្រពះ ដែលជួយពន្យឺតការបឺតស្រូបជាតិស្ករពីបាយ ឬអាហារផ្សេងៗចូលទៅក្នុងឈាម។
-លំដាប់ល្អបំផុត៖ បន្លែ សាច់ (ប្រូតេអ៊ីន) បាយ (កាបូអ៊ីដ្រាត)។
២. តិចនិកទំពាឱ្យបាន៣០ ដង
ខួរក្បាលរបស់យើងត្រូវការពេលប្រហែល ២០នាទី ដើម្បីទទួលសញ្ញាថាឆ្អែត ។ បើអ្នកញ៉ាំលឿនពេក ខួរក្បាលដឹងថាឆ្អែតមិនទាន់ ធ្វើឱ្យអ្នកញ៉ាំលើសកម្រិតដែលរាងកាយត្រូវការ។ ការទំពាឱ្យបានម៉ត់ មិនត្រឹមតែជួយដល់ប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែវាជួយឱ្យអ្នកឆាប់ឆ្អែតដោយញ៉ាំក្នុងបរិមាណតិច។
៣. កុំច្រឡំរវាងស្រេកទឹក និងឃ្លានបាយ
ជារឿយៗ រាងកាយរបស់យើងបញ្ជូនសញ្ញាច្រឡំគ្នា។ នៅពេលអ្នកមានអារម្មណ៍ថាឃ្លានចង់ញ៉ាំនំចំណី សូមសាកល្បងផឹកទឹក ១ កែវធំសិន រួចរង់ចាំ ១០ នាទី។ បើការឃ្លាននោះបាត់ទៅ បញ្ជាក់ថាអ្នកគ្រាន់តែស្រេកទឹកប៉ុណ្ណោះ។
៤. ប្រើចានតូចជាងមុន
នេះគឺជាចិត្តវិទ្យានៃការញ៉ាំ។ ការដាក់អាហារពេញចានតូច ធ្វើឱ្យភ្នែករបស់យើងប្រាប់ខួរក្បាលថា “អាហារនេះច្រើនណាស់” ដែលនាំឱ្យយើងមានអារម្មណ៍ថាឆ្អែតលឿនជាងការប្រើចានធំដែលមានអាហារដដែល។
៥. គេងឱ្យគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងការឃ្លាន
នៅពេលអ្នកគេងមិនគ្រប់គ្រាន់ រាងកាយនឹងផលិតអរម៉ូន Ghrelin (អរម៉ូនបង្កើនការឃ្លាន) ច្រើនជាងមុន និងកាត់បន្ថយអរម៉ូន Leptin (អរម៉ូនប្រាប់ថាឆ្អែត)។ ហេតុនេះហើយបានជាអ្នកដែលចូលចិត្តគេងយប់ជ្រៅ តែងតែឃ្លានអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់។
កុំផ្ដោតលើការកាត់បន្ថយកាឡូរីរហូតដល់ស្រេកឃ្លាន ប៉ុន្តែត្រូវផ្ដោតលើការជ្រើសរើសអាហារដែលមានគុណភាព និងការស្តាប់សញ្ញារាងកាយរបស់ខ្លួនឯង។