យោងតាមការចុះផ្សាយពីប្រភពបរទេស ការលីងសណ្ដែកដីឱ្យមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព មិនមែនត្រឹមតែយកទៅដាក់លើខ្ទះភ្លាមៗនោះទេ។ ការ “លាងទឹក” គឺជាជំហានដ៏សំខាន់ដែលជួយជម្រះធូលីដី កម្ចាត់ក្លិនផ្អូម និងមេរោគផ្សេងៗដែលតោងជាប់នឹងសំបកសណ្ដែក។ លើសពីនេះ ការលាងទឹកផ្ដល់សំណើមសមល្មម ដែលជួយឱ្យកម្ដៅជ្រាបចូលទៅដល់សាច់ខាងក្នុងបានសព្វល្អ ការពារបញ្ហា “ខ្លោចសំបកក្រៅតែឆៅសាច់ក្នុង” ដែលអាចបង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ ឬធ្វើឱ្យឈឺពោះបាន។
នៅពេលសណ្ដែកដីត្រូវបានលាង និងសម្ងួតឱ្យបានត្រឹមត្រូវមុននឹងលីង វានឹងជួយឱ្យគ្រាប់សណ្ដែកឆ្អិនក្រៀមស្មើល្អ និងមានក្លិនឈ្ងុយជាងការលីងទាំងស្ងួត។ ជាតិសំណើមបន្តិចបន្តួចដែលនៅសេសសល់នឹងជួយឱ្យប្រតិកម្មគីមីនៃប្រូតេអ៊ីន និងជាតិខ្លាញ់ល្អក្នុងសណ្ដែកដំណើរការបានល្អឥតខ្ចោះ បង្កើតបានជាភាពស្រួយស្រិប និងរក្សាគុណជាតិអាហារបានយូរអង្វែង។ ការលាងទឹកក៏ជួយឱ្យសំបកសណ្ដែកងាយបកចេញក្រោយពេលលីងរួច ដែលផ្ដល់ភាពងាយស្រួលក្នុងការទទួលទាន និងកាត់បន្ថយការញ៉ាំសំបកដែលខ្លោចខ្លាំង។
ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពស្រួយបានយូរ អ្នកគួរចាប់ផ្ដើមលីងជាមួយភ្លើងមធ្យម រួចបន្ថយមកភ្លើងតិចៗនៅពេលសណ្ដែកចាប់ផ្ដើមស្ងួត និងឮសូរផ្នឹកៗ។ ប្រសិនបើប្រើម៉ាស៊ីន Air Fryer អ្នកអាចប្រើសីតុណ្ហភាព 150°C រយៈពេល ១០ នាទី រួចបន្ថយមកត្រឹម 90-100°C រយៈពេល ៣០ ទៅ ៤៥ នាទីទៀត ដើម្បីឱ្យវាឆ្អិនក្រៀមល្អដល់ក្នុង។ ក្រោយពេលលីងរួច គួរទុកឱ្យត្រជាក់ជិតឈឹងក្នុងកន្លែងដែលមានខ្យល់ចេញចូលល្អ ទើបច្រកចូលក្នុងដបកែវបិទជិត។
ការអនុវត្តតាមវិធីសាស្ត្រនេះ នឹងធ្វើឱ្យសណ្ដែកដីលីងរបស់អ្នកនៅតែស្រួយ និងរក្សាគុណភាពបានយូរថ្ងៃ សម្រាប់ជាអាហារសម្រន់ដ៏មានសុខភាពល្អក្នុងគ្រួសារ៕