យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើម និងតម្រងនោម មានតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុល និងរក្សាតុល្យភាពសារធាតុរាវក្នុងរាងកាយ។ ការចាប់ផ្ដើមថ្ងៃថ្មីជាមួយភេសជ្ជៈដែលជួយជំរុញមុខងារសរីរាង្គទាំងនេះ គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសុខភាពពីខាងក្នុង។
ភេសជ្ជៈទីមួយគឺ ទឹកក្រូចឆ្មារលាយល្មៀត ដែលសម្បូរទៅដោយវីតាមីន C និងសារធាតុដែលជួយកាត់បន្ថយការរលាក និងការពារថ្លើមពីជំងឺរ៉ាំរ៉ៃ។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មារកន្លះផ្លែក្នុងទឹកក្ដៅឧណ្ហៗ រួចដាក់ម្សៅល្មៀតបន្តិច លាយឱ្យសព្វ រួចញ៉ាំនៅពេលពោះទទេជាការស្រេច។ បន្ទាប់មកគឺ ទឹកដូងស្រស់ ដែលសម្បូរដោយអេឡិចត្រូឡៃនិងប៉ូតាស្យូម ជួយឱ្យតម្រងនោមធ្វើការបានល្អ បង្ការក្រួសក្នុងតម្រងនោម និងជួយបន្សាបជាតិពុលក្នុងថ្លើមយ៉ាងពូកែ។
ចំណែកឯភេសជ្ជៈទីបីគឺ តែខ្ញី និងស្លឹកអង្កាម ដែលមានសមត្ថភាពជួយឱ្យថ្លើមដំណើរការបំប្លែងជាតិពុលបានកាន់តែលឿន និងជួយឱ្យប្រព័ន្ធរំលាយអាហារមានភាពធូរស្រាល។ ដើម្បីរៀបចំភេសជ្ជៈនេះ អ្នកគ្រាន់តែដាំខ្ញីស្រស់ជាមួយស្លឹកអង្កាមក្នុងទឹកពុះរយៈពេល ៥ នាទី រួចចម្រោះយកទឹកមកញ៉ាំនៅពេលព្រឹក។ ការទទួលទានភេសជ្ជៈទាំងនេះជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយលាងជម្រះកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រកទម្ងន់ បញ្ចុះជាតិស្ករក្នុងឈាម និងជួយឱ្យចរន្តឈាមដើរបានស្រួលផងដែរ៕