យោងតាមការចុះផ្សាយពីប្រភពបរទេស ការរលាកកោសិកាស្បែក គឺជាសត្រូវលាក់មុខដែលបង្កឱ្យមានមុន ជាំ អាចម៍រុយ និងភាពចាស់មុនអាយុ។ ដើម្បីទប់ស្កាត់បញ្ហានេះ ការជ្រើសរើសរបបអាហារដែលសម្បូរដោយសារធាតុប្រឆាំងការរលាក គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសម្រស់ឱ្យនៅស្ថិតស្ថេរ។
របបអាហារដំបូងគេគឺ របបអាហារមេឌីទែរ៉ាណេ ដែលផ្ដោតលើបន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ ដែលជួយកាត់បន្ថយការរលាក និងការពារស្បែកពីមជ្ឈដ្ឋានខាងក្រៅ។ បន្ទាប់មកគឺ របបអាហារសម្បូរកូឡាជែន ដែលមានក្នុងទឹកស៊ុបឆ្អឹង ត្រី ស៊ុត និងបន្លែផ្លែឈើសម្បូរវីតាមីន C ដូចជា ក្រូច ឃីវី និងម្ទេសប្លោក ដើម្បីជម្រុញការផលិតកូឡាជែនជួយឱ្យស្បែកយឺតតឹងណែន។ ចំណែកឯ របបអាហារសម្បូរអូមេហ្គា-៣ ដែលមានក្នុងត្រីសាម៉ុង គ្រាប់ឈៀ និងគ្រាប់វ៉ាល់ណាត់ ជួយរក្សាសំណើម និងការពារស្បែកបានយ៉ាងល្អ។
ក្រៅពីនេះ របបអាហារសម្បូរជាតិសរសៃ ពីធញ្ញជាតិ ខ្ទឹមស ខ្ទឹមបារាំង និងចេក ជួយដល់ប្រព័ន្ធរំលាយអាហារ និងតុល្យភាពបាក់តេរីក្នុងពោះវៀន ដែលធ្វើឱ្យស្បែកភ្លឺថ្លាជាងមុន។ ចុងក្រោយគឺ របបអាហារសម្បូរជាតិទឹក ពីផ្លែត្រឡាច ឪឡឹក និងសាលាដ ដើម្បីបង្កើនសំណើមស្បែកពីខាងក្នុង។ ដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកគួរកម្រិតការញ៉ាំស្ករ ខ្លាញ់ឆ្អែត អាហារកែច្នៃ គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន ដែលសុទ្ធតែជាភ្នាក់ងារបង្កការរលាក និងធ្វើឱ្យស្បែកឆាប់ចាស់។ ការប្រើប្រាស់សារធាតុចម្រាញ់ពីធម្មជាតិដូចជា សាគូរ៉ា ទទឹម ក៏ជាជំនួយការយ៉ាងពូកែក្នុងការទប់ស្កាត់ការបាត់បង់កូឡាជែន និងរក្សាស្បែកឱ្យរលោងស្អាតជានិច្ច៕