យោងតាមការចុះផ្សាយពីប្រភពបរទេស ទូទឹកកកមិនមែនគ្រាន់តែជា “ទូសម្រាប់ទុករបស់” នោះទេ ប៉ុន្តែវាគឺជាម៉ាស៊ីនដែលធ្វើការ ២៤ ម៉ោងលើ ២៤ ម៉ោង។ ការរៀបចំទូទឹកកកមិនមានរបៀប មិនត្រឹមតែធ្វើឱ្យពិបាករករបស់ និងនាំឱ្យទិញរបស់ជាន់គ្នាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលហេតុធ្វើឱ្យខ្យល់ត្រជាក់មិនអាចបក់បោកបានសព្វល្អ នាំឱ្យម៉ាស៊ីនធ្វើការធ្ងន់ស៊ីភ្លើងខ្លាំង និងបង្កជាជម្រកបាក់តេរីដែលធ្វើឱ្យម្ហូបឆាប់ខូចទៀតផង។
ដើម្បីផ្លាស់ប្តូរទូទឹកកកដែលរញ៉េរញ៉ៃឱ្យមកជាមានរបៀប និងមានអនាម័យខ្ពស់ អ្នកគួរអនុវត្តតាមរូបមន្តចែកតំបន់ទាំង ៤ ចាប់ផ្ដើមពីថតខាងលើបង្អស់ដែលជាតំបន់មានសីតុណ្ហភាពថេរល្អបំផុត ស័ក្តិសមសម្រាប់ដាក់អាហារដែលស្លឆ្អិនហើយ យ៉ាអួ ឬនំចំណីដែលអ្នកចូលចិត្តញ៉ាំញឹកញាប់។ ការដាក់របស់ទាំងនេះនៅខាងមុខ ជួយឱ្យអ្នកងាយស្រួលចាប់យកដោយមិនចាំបាច់បើកទ្វារទូទឹកកកចោលយូរ ដែលនាំឱ្យខាតបង់ភាពត្រជាក់។ បន្ទាប់មកគឺថតកណ្តាល និងថតខាងក្រោមដែលជាកន្លែងសម្រាប់ទុកសាច់ស្រស់ក្នុងប្រអប់បិទជិត ដើម្បីបង្ការកុំឱ្យទឹកសាច់ស្រក់ចុះមកប្រឡាក់អាហារផ្សេងៗ ដែលជាមូលហេតុចម្បងនៃជំងឺរាករូស និងការពុលអាហារ។
ចំពោះថតអូសខាងក្រោមបង្អស់ គឺជាឋានសួគ៌នៃបន្លែ និងផ្លែឈើដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងសំណើមឱ្យបានល្អ ដោយអ្នកគួរដាក់បន្លែ និងផ្លែឈើដោយឡែកពីគ្នាដើម្បីជៀសវាងការក្រៀមស្វិតលឿន។ ចំណែកឯធ្នើរជាប់ទ្វារទូវិញ គឺជាចំណុចដែលមានការប្រែប្រួលសីតុណ្ហភាពខ្លាំងបំផុតរាល់ពេលបើកបិទទ្វារ ដូច្នេះអ្នកមិនគួរដាក់ស៊ុត ឬទឹកដោះគោនៅទីនេះឡើយ ប៉ុន្តែគួរជំនួសមកវិញនូវការដាក់ទឹកជ្រលក់ គ្រឿងទេស ឬទឹកភេសជ្ជៈវិញទើបជាការប្រសើរ។ ការចំណាយពេលត្រឹមតែ ១៥ ទៅ ៣០ នាទីក្នុងមួយសប្តាហ៍ដើម្បីសម្អាត និងរៀបចំតាមប្រព័ន្ធនេះ មិនត្រឹមតែជួយឱ្យទូទឹកកកស្អាតគួរឱ្យចង់ប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថ្លៃភ្លើង កាត់បន្ថយការចោលម្ហូបអាហារ និងផ្ដល់សុខភាពល្អដល់គ្រួសារអ្នកទាំងមូលផងដែរ៕