យោងតាមការចុះផ្សាយពីប្រភពបរទេស តើអ្នកដឹងទេថា ផ្លែត្របែកមួយផ្លែមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ ២ ដង? ក្រៅពីមានរសជាតិឆ្ងាញ់ ត្របែកគឺជាកំពូលផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន A ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមានកាឡូរីទាបបំផុត ដែលស័ក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព។
ការទទួលទានផ្លែត្របែកជាប្រចាំផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដើរស្រួល និងការពារបញ្ហាទល់លាមក ព្រោះវាសម្បូរជាតិសរសៃខ្ពស់។ ក្នុងផ្នែកសម្រស់ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងត្របែក ជួយការពារស្បែកមិនឱ្យឆាប់ចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។ សម្រាប់អ្នកចង់សម្រកទម្ងន់ ត្របែកគឺជាអាហារសម្រន់ដ៏ឆ្លាតវៃបំផុត ព្រោះវាផ្ដល់ថាមពល និងធ្វើឱ្យឆ្អែតបានយូរ ប៉ុន្តែមានត្រឹមតែ ៣៧ កាឡូរីប៉ុណ្ណោះក្នុងមួយផ្លែ។
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀត គឺការជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ និងជួយឱ្យឆាប់ជាសះស្បើយពីជំងឺផ្ដាសាយ។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាបានបង្ហាញថា ការញ៉ាំត្របែកទុំមុនពេលបាយ អាចជួយបញ្ចុះសម្ពាធឈាម កាត់បន្ថយជាតិខ្លាញ់អាក្រក់ និងបង្កើនជាតិខ្លាញ់ល្អដែលជួយឱ្យបេះដូងមានសុខភាពល្អមាំមួន។ ការបន្ថែមផ្លែត្របែកទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាមញ្ញ និងចំណាយតិច ដើម្បីទទួលបានសុខភាពល្អពេញលេញពីក្បាលដល់ចុងជើង៕