យោងតាមការចុះផ្សាយពីប្រភពបរទេស ពីមុន ជំងឺខ្សោយតម្រងនោមច្រើនតែកើតលើមនុស្សចាស់ ប៉ុន្តែបច្ចុប្បន្ន ចំនួនអ្នកជំងឺជាយុវជនកំពុងកើនឡើងគួរឱ្យបារម្ភ។ បើតាមការព្រមានពីវេជ្ជបណ្ឌិតជំនាញ ក្រៅពីកត្តាហ្សែន និងជំងឺប្រចាំកាយ ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃគឺជាមុខសញ្ញាគ្រោះថ្នាក់បំផុតដែលបំផ្លាញតម្រងនោមបន្តិចម្ដងៗ។
ការទទួលទានអាហារមិនល្អដូចជា អាហាររហ័ស ដែលសម្បូរជាតិប្រៃ និងការនិយម តែគុជ ឬភេសជ្ជៈផ្អែមខ្លាំង គឺជាមូលហេតុចម្បងដែលធ្វើឱ្យតម្រងនោមធ្វើការលើសកម្លាំង និងបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី២។ បន្ថែមពីនេះ ការទទួលទានគ្រឿងស្រវឹង និងបារី ក៏ផ្ដាច់សរសៃឈាមដែលនាំទៅចិញ្ចឹមតម្រងនោម ធ្វើឱ្យសរីរាង្គនេះចុះខ្សោយយ៉ាងឆាប់រហ័ស។
ទម្លាប់អាក្រក់មួយទៀតគឺ ការផឹកទឹកតិច និងការទប់នោម។ នៅពេលរាងកាយខ្វះជាតិទឹក ជាតិពុលនឹងកកកុញក្នុងតម្រងនោមបង្កជាក្រួស ចំណែកការទប់នោមធ្វើឱ្យបាក់តេរីរីកដុះដាល បង្កការឆ្លងមេរោគក្នុងផ្លូវនោមដែលប៉ះពាល់ដល់មុខងារតម្រងនោមយូរអង្វែង។ លើសពីនេះ ការប្រើប្រាស់ថ្នាំខុសបច្ចេកទេស ដូចជាការទិញថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំផ្សះមកលេបដោយខ្លួនឯង ក៏ដូចជាការប្រើថ្នាំបំប៉នគ្មានប្រភពច្បាស់លាស់ សុទ្ធតែជាសារធាតុពុលដែលបំផ្លាញកោសិកាតម្រងនោមផ្ទាល់តែម្ដង។
កង្វះសកម្មភាពរាងកាយ ការអង្គុយនៅមួយកន្លែងយូរពេក រួមផ្សំជាមួយ ការគេងមិនគ្រប់គ្រាន់ និងភាពតានតឹង ក៏ជាកត្តារំខានដល់ដំណើរការជួសជុលកោសិកាធម្មជាតិរបស់តម្រងនោមផងដែរ។ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចជា៖ ទឹកនោមមានពពុះខ្លាំង នោមយប់ញឹកញាប់ ហើមមុខឬជើងនៅពេលព្រឹក អស់កម្លាំងខ្លាំង ឬស្រកទម្ងន់ខុសធម្មតា អ្នកមិនគួរមើលរំលងឡើយ។ ការផ្លាស់ប្តូរទម្លាប់មកផឹកទឹកឱ្យបាន ២ ទៅ ២.៥ លីត្រក្នុងមួយថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ និងការពិនិត្យសុខភាពប្រចាំឆ្នាំ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារតម្រងនោមរបស់អ្នកឱ្យនៅមានសុខភាពល្អមាំមួន៕