យោងតាមការចុះផ្សាយពីប្រភពបរទេស ការជួយខ្លួនឯងក្នុងកម្រិតសមល្មមអាចជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យគេងលក់ស្រួល ប៉ុន្តែប្រសិនបើអនុវត្តដោយប្រើកម្លាំងបង្រ្កាប់ខ្លាំងពេក ឬខុសវិធី វានឹងបង្កជាផលវិបាកដែលអ្នកនឹកស្មានមិនដល់។
គ្រូពេទ្យជំនាញបានព្រមានអំពីស្ថានភាពម្យ៉ាងដែលហៅថា “Death Grip” ដែលកើតឡើងនៅពេលបុរសប្រើកម្លាំងដៃច្របាច់ ឬរឹតខ្លាំងពេកក្នុងពេលជួយខ្លួនឯង រហូតធ្វើឱ្យសរីរាង្គភេទបាត់បង់ភាពរំញោច ឬស្ពឹកស្រពន់។ នៅពេលរាងកាយស៊ាំនឹងកម្លាំងច្របាច់ខ្លាំងខុសធម្មតាបែបនេះ វានឹងធ្វើឱ្យការរួមភេទជាមួយដៃគូតាមបែបធម្មជាតិលែងផ្ដល់ភាពរីករាយ ឬមិនអាចឈានដល់ចំណុចកំពូលបានឡើយ ព្រោះដៃគូមិនអាចត្រាប់តាមកម្លាំងច្របាច់ខ្លាំងដូចដែលខ្លួនធ្លាប់ធ្វើចំពោះខ្លួនឯងនោះទេ។
ផលប៉ះពាល់ដ៏គួរឱ្យបារម្ភបំផុតនោះគឺ ការបាត់បង់សមត្ថភាពក្នុងការដំឡើងរឹង ឬមិនអាចរក្សាភាពរឹងបានយូរក្នុងពេលរួមភេទ ដែលបង្កឱ្យមានភាពមួរម៉ៅ និងប៉ះពាល់ដល់ផ្លូវចិត្តទាំងសងខាង។ បញ្ហានេះច្រើនតែកើតឡើងចំពោះអ្នកដែលប្រើការជួយខ្លួនឯងជាមធ្យោបាយរំសាយភាពធុញថប់ ឬអ្នកដែលមានបញ្ហាផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្តជាដើម។ បុរសជាច្រើនដែលជួបបញ្ហានេះ ច្រើនតែមានអារម្មណ៍អៀនខ្មាស និងមិនហ៊ានទៅពិគ្រោះជាមួយគ្រូពេទ្យ ដែលធ្វើឱ្យបញ្ហាកាន់តែរីករាលដាល និងអាចឈានទៅរកការបែកបាក់ក្នុងចំណងមិត្តភាព ឬជីវិតអាពាហ៍ពិពាហ៍ទៀតផង។
ដើម្បីដោះស្រាយ និងស្ដារសមត្ថភាពឡើងវិញ អ្នកជំនាញណែនាំឱ្យផ្អាកការជួយខ្លួនឯងដាច់ខាតក្នុងរយៈពេលណាមួយ ហើយងាកទៅរកសកម្មភាពផ្សេងៗដូចជាការហាត់ប្រាណ ឬការជួបជុំមិត្តភក្តិដើម្បីបង្វែរអារម្មណ៍។ នៅពេលចាប់ផ្ដើមឡើងវិញ អ្នកគួរប្រើកម្លាំងដៃឱ្យស្រាលបំផុត និងផ្ដោតលើការប៉ះពាល់ដោយសន្សឹមៗ ដើម្បីឱ្យរាងកាយនិងប្រព័ន្ធប្រសាទរៀនស៊ាំនឹងភាពរំញោចកម្រិតស្រាលឡើងវិញ។ ប្រសិនបើបញ្ហានៅតែបន្ត អ្នកគួរតែជួបជាមួយគ្រូពេទ្យឯកទេសខាងផ្លូវនោម ឬអ្នកជំនាញខាងសុខភាពផ្លូវភេទ ដើម្បីពិនិត្យរកមើលភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ និងទទួលការព្យាបាលឱ្យចំគោលដៅ ដើម្បីអាចត្រលប់មកសាងសុភមង្គលជាមួយដៃគូបានដូចដើម៕